កន្លងមក មហាជននិយមតាមដានពីការងាររបស់ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ពាក់ព័ន្ធនឹងវិស័យបវរកញ្ញាច្បាស់ជាបានជ្រាបមកហើយ ពីការទិញសិទ្ធិគ្រប់គ្រង និង រៀបចំកម្មវិធីប្រកួតបវរកញ្ញាធំៗនៅក្នុងប្រទេសកម្ពុជារួមមាន Miss Grand Cambodia និង Miss Universe Cambodia ជាដើម។

យ៉ាងណាមិញ រយៈពេល ១ ឆ្នាំ ទៅ ២ ឆ្នាំ ចុងក្រោយនេះ លោក អ៊ិន សុភិន ក៏បានទម្លាក់ដៃក្នុងវិស័យបវរកញ្ញានេះ និង មិនបានទិញសិទ្ធិកម្មវិធីណាមួយមកគ្រប់គ្រងម្តងទៀតនៅឡើយនោះដែរ ខណៈលោក តែងតែលេចឮព័ត៌មានថា ម្ចាស់កម្មសិទ្ធិកម្មវិធីធំៗខាងលើនៅក្រៅប្រទេស តែងជជែកចរចាជាមួយលោក នៃការទិញសិទ្ធិមកជាថ្មី។

ដោយឡែក ស្រាប់តែថ្មីៗនេះ លោក អ៊ិន សុភិន បានធ្វើកិច្ចសម្ភាសន៍នឹងអ្នកសារព័ត៌មាន ដោយលោកលើកឡើងថា កម្មវិធីវរកញ្ញាទិញសិទ្ធិពីក្រៅប្រទេសនាពេលបច្ចុប្បន្ន តែងតែមានទំនាស់នឹងគ្នារវាងម្ចាស់កម្មវិធី និង National Director ពោលគឺមិនដូចកាលលោកនៅគ្រប់គ្រងនោះឡើយ។

ក្នុងខ្លឹមសារនោះ លោក អ៊ិន សុភិន បានភ្ជាប់នឹងការជំពាក់បំណុលគេ ថាលោកពិតជាទទួលស្គាល់ ក៏ព្រោះតែពាក់ព័ន្ធនឹងការរកស៊ី គឺតែងតែមានការជំពាក់ សូម្បីតែអ្នករៀបចំកម្មវិធីបវរកញ្ញានៅក្រៅប្រទេសក៏មានជំពាក់គេដូចគ្នា។ លើសពីនោះ លោកបានសង្កត់ធ្ងន់ទៀតថា ទោះលោកជំពាក់គេមែន ប៉ុន្តែលោកមិនដែលមានបញ្ហាឈ្លោះគ្នា នៅពេលដែលគ្រប់គ្រងកម្មវិធីបរកញ្ញានោះឡើយ៕

