នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងធម្មការ និង សាសនា បានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា ប្រធានមន្ទីរធម្មការ និង សាសនារាជធានីភ្នំពេញ លោក ទេព គង្គា បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះធ្វើការណែនាំលោក រេម សារ៉ុម ហៅលោកឪជ័យធន ជុំវិញការបង្ហោះវីដេអូសកម្មភាព និង រូបភាពធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម តាមបណ្ដាញសង្គមនានា។
តាមរយៈការចុះណែនាំនេះផងដែរ មន្ទីរធម្មការ និង សាសនារាជធានីភ្នំពេញ បានឱ្យលោក រេម សារ៉ុម ហៅលោកឪជ័យធន ធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និង លុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចារយ័ន្តកថា ចាក់សាក់ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។
គួរឱ្យដឹងផងដែរថា គិតចាប់ពីថ្ងៃទី ២៥ ខែឧសភា មកទល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងធម្មការ និង សាសនា បានចុះណែនាំបុគ្គល និង ធ្វើកិច្ចសន្យាបុគ្គល ៣ នាក់រួចមកហើយ ដោយឱ្យបញ្ឈប់ការបង្ហោះ និង លុបវីដេអូ រូបថតសកម្មភាពផ្សេងៗ ដែលរួមមាន លោក ណុប សក្កដា ហៅលោកគ្រូផេះគ្រូអង្កាម, លោក ថោង សុខុម ហៅលោកគ្រូភ្នំគូលេន និង លោក រេម សារ៉ុម ហៅលោកឪជ័យធន៕