កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ តុលាការរដ្ឋបាលកំពូលនៃប្រទេសថៃ បានកាត់ក្តីឱ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ ទូទាត់សំណងការខូចខាតប្រមាណជាង ១ ម៉ឺនលានបាត លើករណីពុករលួយក្នុងការលក់អង្កររវាងរដ្ឋាភិបាល។
តាមព័ត៌មានបានឱ្យដឹងថា កាលពីនៅកាន់តំណែង លោកស្រី យីងឡាក់ បានបង្កើតគ្រោងការមួយដែលសន្យាថាជួយទិញស្រូវពីប្រជាកសិករ ប៉ុន្តែគ្រោងការនេះត្រូវបានគេរកឃើញថាមានអំពើពុករលួយ ជាពិសេសការលក់អង្ករពីរដ្ឋាភិបាលទៅរដ្ឋាភិបាល (G2G)។ ក្នុងនោះតុលាការរដ្ឋបាលកំពូលបានសម្រេចថាលោកស្រី យីងឡាក់ ត្រូវតែទទួលខុសត្រូវទៅលើករណីនេះ ដោយសារតែមិនបានបញ្ឈប់អំពើពុករលួយ ទោះបីជាដឹងថាមានបញ្ហាក៏ដោយ ហើយទាមទារឱ្យលោកស្រីសងសំណងរហូតដល់ជាង ១ ម៉ឺនលានបាត។
យ៉ាងណាមិញ លោកស្រី យីងឡាក់ បានបដិសេធមិនសងសំណងនេះឡើយ ដោយអះអាងថាខ្លួនមិនបានប្រព្រឹត្តអំពើពុករលួយទាំងនេះ លោកស្រីមានអារម្មណ៍ថាវាមិនយុត្តិធម៌ និង គ្មានថ្ងៃដែលនឹងសងជំនួសនរណាឡើយ។ ដោយឡែក តាំងពីឆ្នាំ ២០១៧ មក តុលាការបានរឹបអូសទ្រព្យសម្បត្តិជាច្រើនរបស់លោកស្រី ដែលសរុបប្រមាណជាង ៦០០ លានបាតទៅហើយ តែនៅមិនគ្រប់ថ្លៃសំណងនៅឡើយ។ ចំណែកលោកស្រី យីងឡាក់ ត្រូវបានគេដឹងថា បានចេញទៅរស់នៅក្រៅប្រទេសតាំងពីឆ្នាំ ២០១៧ កន្លងទៅម្ល៉េះ និង មិនទាន់ត្រឡប់មកប្រទេសថៃនៅឡើយ៕
ប្រភព៖ Sanook