ថ្មីៗនេះ ស្រ្តីជាអភិបាលក្រុងមួយរូបនៅឯប្រទេសជប៉ុន បានបង្ខំចិត្តឱ្យធ្វើសន្និសីទសារព័ត៌មានយ៉ាងបន្ទាន់ ក្រោយទស្សនាវដ្តីមួយបានទម្លាយថា នាងបានចូលសណ្ឋាគារជាមួយកូនចៅប្រុសក្រោមបង្គាប់ម្នាក់ដែលមានគ្រួសាររួចហើយ មិនតិចជាង ១០ ដង។
ស្រ្តីអភិបាលក្រុងខាងលើនេះមានឈ្មោះថា Akira Ogawa វ័យ ៤២ ឆ្នាំ កាន់ដំណែងជាអភិបាលក្រុង Maebashi នាខេត្ត Gunma។ នៅក្នុងសន្និសីទ Akira Ogawa បានបកស្រាយថា វាជារឿងពិតដែលនាងបានចូលសណ្ឋាគារជាមួយនឹងកូនចៅប្រុសម្នាក់ តែនាងអះអាងវាមិនមែនទំនាក់ទំនងស្នេហាស៊ីជម្រៅអ្វីនោះទេ នាងគ្រាន់តែចូលទៅពិភាក្សាការងារ ព្រោះវាជាកន្លែងដែលផ្តល់ឯកជនភាព ផាសុកភាព ងាយស្រួលឱ្យអាចនិយាយរឿងអាថ៌កំបាំងជាមួយនឹងកូនចៅបាន។
នាងបន្តទៀតថា នាងក៏ដឹងហើយថាកូនចៅម្នាក់នោះមានគ្រួសាររួចទៅហើយដែរ ប៉ុន្តែនាងពិតជាមិនមានទំនាក់ទំនងស៊ីជម្រៅជាមួយគេពិតមែន។ នាងក៏បានសុំទោសមហាជនទាំងអស់ ដែលបង្កឱ្យមានការយល់ច្រឡំផងដែរ។ ដោយឡែក ការផ្ទុះចចាមអារ៉ាមនេះបានធ្វើឱ្យនាងលុបចោលភារកិច្ចការងារមួយចំនួន ហើយថែមទាំងមិនបង្ហាញខ្លួននៅសាលាក្រុងទៀតផង៕