ថ្មីៗនេះ អ្នកនិយមតាមដានព័ត៌មានសិល្បៈ ច្បាស់ជាបានជ្រាបមកហើយនូវរឿងរ៉ាវរបស់តារាសម្តែងជើងចាស់អ្នកស្រី រ៉េត រ៉ូស ដែលលើកឡើងពីការទទួលបានកម្រៃមិនស័ក្តិសមពីការថតភាពយន្ត និង ការលើកឡើងបញ្ហាមិនទទួលបានប្រាក់ពីផលិតករ បន្ទាប់ពីការងាររួចរាល់នោះ។
ក្នុងនោះ ក្រោយការទម្លាយរបស់អ្នកស្រី រ៉េត រ៉ូស ពីបញ្ហាខាងលើហើយ មហាជនក៏ឃើញមានសិល្បករ សិល្បការិនីមួយចំនួន ក៏បានចេញមកបង្ហាញបញ្ហាដូចៗគ្នា ដោយក្នុងនោះក៏រួមមានតារាស្រីជើងចាស់ ស្វែង សុជាតា ដែរ។
ដោយឡែក នៅយប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបង្ហោះសារពាក់ព័ន្ធនឹងអ្នកស្រី រ៉េត រ៉ូស ដោយលោកជំទាវបានលើកសំណួរ និង សំណូមពរដល់ម្ចាស់ផលិតកម្មពាក់ព័ន្ធនឹងការបើកលុយដល់អ្នកសិល្បៈ ក្រោយធ្វើការចប់។
ក្នុងនោះ លោកជំទាវ ញ៉ែម មរកត បានរៀបរាប់ថា៖ «បងរ៉ូស តារាសម្តែងបានប្រាប់ខ្ញុំពីការងារ ដែលគាត់បានធ្វើ ហើយគេមិនព្រមបើកលុយឱ្យ តើមូលហេតុអ្វី? ខ្ញុំសំណូមពរ ដល់ម្ចាស់ផលិតកម្ម ឬអ្នកគ្រប់គ្រងល្មមដល់ពេលបើកប្រាក់ពលកម្មជូនគាត់ហើយ! ម៉ែរ៉ូស សុជាតា ម៉ែណូអែលកូនដំរី ។ល។ ទាំងអស់គ្នា បានចូលរួមជួយកិច្ចការសង្គមច្រើនណាស់ ជាមួយជនពិការ និង កិច្ចការសង្គមផ្នែកផ្សេងៗទៀត!»៕