និយាយពីលោក ឡុង វីរៈយុទ្ធ ដែលមហាជនភាគច្រើនស្គាល់ និង ហៅថា នាយភូ ជាតួអង្គប្រុសក្នុងរឿងភាគដ៏ល្បីរបស់ស្ថានីយទូរទស្សន៍បាយ័ន គឺ «ភូមខ្ញុំស្រស់ឆើតឆាយ» នោះ កាលថ្មីៗកន្លងទៅ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រធ្លាប់ស្គាល់រូបលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា បានបង្ហោះពីស្ថានភាពបច្ចុប្បន្នរបស់តារាប្រុសរូបនេះ។
តាមរយៈការបង្ហោះចែករំលែករូបភាពលើហ្វេសប៊ុកលោក អ៊ឹម ជីវ៉ា ដោយបានទៅសម្ភាសផ្ទាល់ជាមួយលោក ឡុង វីរៈយុទ្ធ នោះ ដែលបានឃើញថាតារាប្រុសរូបនេះមានសភាពស្គមស្គាំង សម្រស់ប្រែប្រួលខុសកាលពីមុនខ្លាំង និង បានឱ្យដឹងថាបច្ចុប្បន្នលោកធ្វើការជាអ្នករត់តុឱ្យគេនៅហាងមួយកន្លែង។
យ៉ាងណាមិញ ក្រោយពីផ្ទុះភ្ញាក់ផ្អើលលើបណ្ដាញសង្គមទាក់ទឹងនឹងស្ថានភាពរបស់លោក ឡុង វីរៈយុទ្ធ មួយរយៈថ្មីនេះ ឃើញថាលោកត្រូវបានមហាជនចាប់អារម្មណ៍ និង មានទីផ្សារជាថ្មី ខណៈឃើញមានម្ចាស់ផលិតផលផ្សេងៗអញ្ជើញលោកថតផ្សព្វផ្សាយ និង សម្ដែងសាច់រឿងខ្លីៗ។ លើសពីនេះ លោក ឡុង វីរៈយុទ្ធ ក៏បានចាប់ផ្ដើមថែរូបសម្រស់ និង សុខភាពឡើងវិញ ព្រមទាំងប្ដូរស្ទីលលេងខ្លួន ទាំងម៉ូតសក់ មុខមាត់ រូបរាងប្លែកសង្ហាជាងមុនផងដែរ។
ដោយឡែក ស្របពេលតួប្រុស នាយភូ ទទួលបានទីផ្សារការងាររកកម្រៃបន្ថែមតាមរយៈប្រជាប្រិយភាពនេះដែរ ងាកទៅមើលហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា ដែលជាអ្នកផ្ដួចផ្ដើមជួយតារាប្រុសរូបនេះឱ្យមហាជនចាប់អារម្មណ៍ជាថ្មី បានបង្ហោះសារទម្លាយរឿងរ៉ាវហួសចិត្តមួយ ដោយកើតឡើងក្រោយពីបានជួយបង្ហោះពី នាយភូ ភ្លាម លោកក៏ទទួលរងការប្រតិកម្ម និង ប្រមាថពីក្រុមគ្រួសាររបស់ នាយភូ ដែលគិតថារូបលោកចង់ទាញយក នាយភូ ដើម្បីទាក់ចំណាប់អារម្មណ៍មហាជន និង បានឱ្យលោកលុបនូវការបង្ហោះរបស់ នាយភូ ទៀតផង។
ក្នុងនោះ លោក អ៊ឹម ជីវ៉ា បានបង្ហោះរៀបរាប់ថា ៖ «រឿងហួសចិត្តពេលខ្ញុំជួយនាយភូ! ពេលខ្ញុំបង្ហោះរូប នាយភូ ដំបូងចង់ជួយ និង អាណិតគាត់ តែត្រូវក្មួយនិង បងប្អូនបង្កើត និង គ្រួសារនាយភូ ប្រតិកម្ម ដៀល ជេខ្ញុំថាយក នាយភូ មកធ្វើទាក់ទាញចំណាប់អារម្មណ៍ ចង់ល្បី ហើយឱ្យខ្ញុំជួយលុបចោលរូបភាពជាបន្ទាន់ ហាក់បីដូចចង់បញ្ជាក់ ឬ ខ្លាចរឿងអ្វីម្យ៉ាង ! ពេលនោះ ខ្ញុំមិនព្រមលុបតាមការសំណូមពរឡើយព្រោះ គិតថាបើខ្ញុំលុបស្មើនឹងផ្សាយព័ត៌មានមិនពិត ដូចនេះខ្ញុំមិនព្រមលុបឡើយ។
ខ្ញុំដឹងព័ត៌មាន នាយភូ គឺតាមរយៈមេធាវីខ្ញុំម្នាក់ ដែលគាត់ ២ នាក់ប្តីប្រពន្ធ ឃើញ នាយភូ កំពុងរត់តុ ហើយមេធាវីខ្ញុំ គាត់អាណិតក៏ជួយសុំម្ចាស់ហាង ឱ្យប្រាប់ នាយភូ ដើម្បីធ្វើការសម្ភាសន៍ និង បង្ហោះ! ហើយម្ចាស់ហាង និង នាយភូ ក៏យល់ព្រម ក្រោយការបង្ហោះមិនដល់ ១ ម៉ោងផង ក៏មានការឆាត និង មកសុំលេខដោយអះអាងថា ជាក្មួយ និង ជាបងប្អូន ហើយសុំឱ្យជួយលុបជាបន្ទាន់! តែខ្ញុំឆ្លើយទៅវិញថាអត់លុបទេ ព្រោះមិនមែនជាអនិតិជនដែលត្រូវសុំច្បាប់ ឬការអនុញ្ញាតិពីអាណាព្យាបាល ព្រោះនាយភូ ធំហើយ តែសាមីខ្លួនអនុញ្ញាត គឺគ្រប់គ្រាន់ហើយ។
អ្វីដែលជាលទ្ធផល ក្រោយពីការបង្ហោះ នាយភូ មកក៏មានបងប្អូនព័ត៌មាន និង សិល្បករ អ្នកលក់អនឡាញមកសុំទីតាំងជាបន្តបន្ទាប់ ហើយ នាយភូ ក៏រកប្រាក់ចំណូលបានបន្ថែម ក្រៅពីរបរថ្មីជាអ្នករត់តុ! ពេល នាយភូ កំពុងរកចំនូលបានខ្លះៗជាងមុន ដូចមិនទាន់ឃើញក្មួយ ឬគ្រួសារមកប្រតិកម្មផុស ដៀលដៀមដាមដល់ អ៊ឹម ជីវ៉ា ទៀតសោះ។
ពេលខ្លះត្រូវចាំថា យើងជួយគេអស់លុយខ្លួនឯង ដោយអាណិតសិល្បៈ ចង់ឱ្យគាត់ងើបឡើងវិញមានលុយចាយ តែត្រូវបានមនុស្សខ្លះមកមើលងាយទឹកចិត្តយើងទៅវិញ! មកដល់ពេលនេះខ្ញុំសប្បាយចិត្តទោះបីខ្ញុំមិនមែនបងប្អូន នាយភូ នៅក្រោយពេលបង្ហោះ នាយភូ ហើយ គឺមានក្រុមហ៊ុន ផលិតផល និងសប្បុរសជនជួយ នាយភូ ច្រើន នោះហើយអ្វីដែលខ្ញុំចង់ឃើញ ចំណែកឯបុណ្យព្រេងវាសនារបស់ នាយភូ ទៅថ្ងៃខាងមុខយ៉ាងណាវាស្ថិតលើខ្លួន នាយភូ ផ្ទាល់ បើមានគេជួយត្រូវចេះជួយខ្លួនឯងដែរ។អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា រុងរឿង»៕