សារព័ត៌មានបរទេស បានរាយការណ៍ពីករណីដ៏គួរឱ្យហួសចិត្តមួយនៅប្រទេសឥណ្ឌា ដែលមានបុរសម្នាក់ផឹកស្រាស្រវឹង ហើយដើរមកផ្ទះវិញស្រាប់តែត្រូវពស់ចឹក មានអីខឹងពេកខាំពស់ទាល់តែដាច់ក្បាល ហើយឆ្លៀតយកមកដេកជាមួយ ចុងក្រោយត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅភូមិ Chiyawaram ក្នុងទីក្រុង Tirupati រដ្ឋ Andhra Pradesh ដោយនៅក្នុងថ្ងៃកើតហេតុ បុរសខាងលើនេះបានដើរមកផ្ទះវិញ ក្រោយផឹកស្រាស្រវឹង ហើយក៏ត្រូវពស់មួយក្បាលចឹកនៅតាមផ្លូវ។ ដោយសារតែកំហឹង បុរសនេះក៏បានចាប់ពស់មកខាំវិញទាល់តែដាច់ក្បាលងាប់ ព្រមទាំងបានយកវាមកផ្ទះដាក់លើគ្រែ រួចក៏ដេកលក់ទៅ។
យ៉ាងណាមិញ លុះមកដល់ពាក់កណ្តាលយប់ ពិសក៏បានជ្រៀបចូលក្នុងរាងកាយ បង្កឱ្យបុរសនេះធ្វើទុក្ខធ្ងន់ទៅៗ រហូតក្រុមគ្រួសារប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក Srikalahasti ដើម្បីធ្វើការសង្រ្គោះបន្ទាន់ ប៉ុន្តែដោយសារតែអាការៈធ្ងន់ធ្ងរពេក ក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យធំមួយតង់ទៀត៕