ហេតុតែជួបស្នេហាខកចិត្តច្រើនលើក ស្ត្រីម្នាក់ឈ្មោះ Lisa Catalano មកពីទីក្រុង San Mateo រដ្ឋកាលីហ្វ័រញ៉ា បានសម្រេចចិត្តជះលុយជួលផ្ទាំងប៉ាណូ ដាក់រូបខ្លួនឯង ប្រកាសរកបុរសម្នាក់ធ្វើជាដៃគូជីវិត។
ស្ត្រីវ័យ ៤២ ឆ្នាំរូបនេះ បានដាក់ផ្សព្វផ្សាយរូបខ្លួនឯងនៅលើផ្ទាំងប៉ាណូ តាំងពីថ្ងៃទី ២ ខែ កញ្ញាមក បើគិតសរុបថ្លៃជួល គឺមិនតិចនោះឡើយ ដោយសារទីតាំងពាណិជ្ជកម្ម ស្ថិតនៅកន្លែងត្រូវប៉ាន់ ត្រង់ផ្លូវល្បឿនលឿន Highway 101 ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
បើតាមបទសម្ភាសជាមួយសារព័ត៌មានបរទេស The Post ហេតុផលដែលនាងធ្វើដូច្នេះ ក៏ព្រោះតែនាងចង់បានស្វាមីច្បាស់លាស់ បន្ទាប់ពីនាងបរាជ័យស្នេហាជាច្រើនលើក និង ការទាក់ទងតាម app ស្វែងរកដៃគូនៅលើទូរស័ព្ទមិនបានផល។ អមជាមួយរូបខ្លួនឯងនៅលើផ្ទាំងប៉ាណូដ៏ធំ នាងបានដាក់អាសយដ្ឋានវេបសាយផ្ទាល់ខ្លួន MarryLisa.com ដើម្បីឱ្យអ្នកជិះតាមផ្លូវបានឃើញ និង ងាយស្រួលទាក់ទងផងដែរ។
ចំពោះបុរសដែលនាងប្រាថ្នា គឺសាមញ្ញបំផុតអាយុចាប់ពី ៣៥ ឆ្នាំ ដល់ ៤៥ ឆ្នាំ ជាបុរសមានជំនឿសាសនា, គំនិតនយោបាយ និង របៀបរស់នៅផ្តោតលើសុខភាពសមស្របនឹងនាង។ ឬបើអាច ត្រឹមប្រហាក់ប្រហែលតារាសំណព្វចិត្ត គឺតារាសម្តែងអាមេរិក David Duchovn បានហើយ៕
ប្រភព៖ NYP