តាមរយៈព័ត៌មានដែលទទួលបាននៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះបង្ក្រាបបទល្មើសជលផល ដឹកជញ្ជូនផលជលផលដោយគ្មានលិខិតអនុញ្ញាត (លៀស) បានចំនួន ០២ ករណី នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ដែលក្រុមឈ្មួញបានដឹកតាមរថយន្តចេញមកពីខេត្តសៀមរាប ក្នុងគោលបំណងយកទៅលក់នៅប្រទេសវៀតណាម។
តាមប្រភពបានឱ្យដឹងថា ករណីចុះបង្ក្រាបបទល្មើសជលផលនេះមាន ២ ករណី រួមមាន៖
– ករណីទី ១ រថយន្តម៉ាក Hyundai ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0964 ចំនួន ០១ គ្រឿង លៀសសរុប ទម្ងន់ ៥,០០០ គីឡូក្រាម។
– ករណីទី ២ រថយន្តម៉ាក Sangyong ពាក់ស្លាកលេខ កំពង់ឆ្នាំង 2C-2015 ចំនួន ០១ គ្រឿង លៀសសរុប ទម្ងន់ ៤,៥០០គីឡូក្រាម នៅចំណុចចំការកៅស៊ូ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រោយការបង្ក្រាប លៀសសរុបទម្ងន់ ៩,៥០០ គីឡូក្រាម ត្រូវបានចាក់លែងចូលក្នុងទន្លេមេគង្គវិញ នាព្រឹកថ្ងៃទី ៨ ឧសភា ឆ្នាំ ២០២៥ ចំណុចក្បែរក្រោមស្ពានគីហ្ស៊ូណា ក្រុងកំពង់ចាម ដើម្បីឱ្យលៀសតូចៗទាំងនោះបង្កើតកូនចៅសម្បូរឡើងវិញ ចំណែកឯរថយន្ត ត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលជលកំពង់ចាម ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល៕
ប្រភព ៖ ទទក