នៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានចេញសេចក្តីថ្លែងការណ៍រួម ស្ដីពីកិច្ចប្រជុំពិសេសលើកទី ២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
តាមរយៈកិច្ចប្រជុំ ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងការពង្រឹង ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ ដោយអនុលោមតាមគោលបំណង និង គោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និង ធម្មនុញ្ញអាស៊ាន ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលនឹងត្រួសត្រាយមាគ៌ាសម្រាប់ជំពូកថ្មីនៃសន្តិភាព និង សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯកភាព ដូចខាងក្រោម៖
១. អង្គប្រជុំបានឯកភាព និង គាំទ្រលើផែនការសកម្មភាពសម្រាប់ការសម្រួលអាវុធធុនធ្ងន់ ដែលមាន សមត្ថភាពបំផ្លាញខ្លាំង។
២. ភាគីទាំងពីរបានស្វាគមន៍ចំពោះការឯកភាពលើការបង្កើតលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
៣. ភាគីទាំងពីរ បានស្វាគមន៍ការឯកភាពគ្នាលើនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ក្រុមការងារ សម្របសម្រួលចម្រុះ (JCTF) លើការងារដោះមីនមនុស្សធម៌។
៤. ភាគីទាំងពីរ បានឯកភាព ជួបប្រជុំក្នុងរយៈមួយសប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំ GBC នេះ ដើម្បីកំណត់ទីតាំងព្រំដែនសាកល្បងសម្រាប់ធ្វើការងារដោះមីនមនុស្សធម៌ ដែលស្ថិតក្នុងតំបន់ព្រំដែនជាអាទិភាព ដែលត្រូវបានឯកភាពដោយភាគីទាំងពីរ។
៥. ភាគីទាំងពីរ បានឯកភាពលើផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និង បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដែលរួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam) និង ការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និង នគរបាលជាតិថៃ។ ផែនការសកម្មភាពនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការចែករំលែកព័ត៌មាន ការគាំទ្រដល់ប្រតិបត្តិការសម្រាប់ការស៊ើបអង្កេត និង ការចាប់ខ្លួនជនសង្ស័យ ទប់ស្កាត់បទល្មើស និង វិធានការនានាពាក់ព័ន្ធនឹងជនសង្ស័យ ជនរងគ្រោះ ក៏ដូចជាភស្តុតាងផងដែរ។ អនុលោមតាមផែនការសកម្មភាពនេះ ក្រុមការងារ ចម្រុះសម្រាប់អនុវត្តផែនការសកម្មភាព នឹងត្រូវបង្កើតឡើងក្នុងរយៈពេលពីរសប្តាហ៍។
៦. ភាគីទាំងពីរ បានឯកភាពគ្នាថា កិច្ចប្រជុំពិសេសបន្ទាប់នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងត្រូវរៀបចំឡើងក្នុងរយៈពេល ៩០ ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ចប្រជុំនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕