កាតាបកូនសិស្សប្រហែល ១៥ សៀវភៅ និង ប្រដាប់ប្រដាក្មេងលេងជាច្រើន ត្រូវបានគេរើមកដាក់ជាគំនរបណ្តើរៗ ក្រោយគ្រោះរញ្ជួយដីបានកម្ទេចសាលាមត្តេយ្យ រលំជាបំណែកគ្មានសល់។ សាលាមត្តេយ្យនេះ ស្ថិតនៅទីក្រុង Kyaukse ចម្ងាយប្រហែល ៤០ គ.ម ភាគខាងត្បូងទីក្រុង Mandalay ដែលជាតំបន់មួយក្នុងចំណោមតំបន់ ដែលរងគ្រោះខ្លាំងបំផុត ដោយការរញ្ជួយដីកម្រិត 7.7 រិចទ័រ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០០០ នាក់។
លោកតា Kywe Nyein អាយុ ៧១ ឆ្នាំ បាននិយាយរៀបរាប់ទាំងទឹកភ្នែកថា ឥលូវនេះគ្រួសាររបស់គាត់កំពុងរៀបចំពិធីបុណ្យសពរបស់ចៅស្រីអាយុប្រាំឆ្នាំឈ្មោះ Thet Hter San ។ លោកតាឱ្យដឹងទៀតថា មុនហេតុការណ៍កើតឡើង ម្តាយរបស់ចៅស្រីកំពុងហូបអាហារពេលថ្ងៃ សុខៗស្រាប់តែរញ្ជួយដីបានកើតឡើង។ ភ្លាមនោះ នាងបានរត់យ៉ាងលឿនសំដៅទៅសាលារៀនដើម្បីយកកូន តែជាអកុសល ពេលទៅដល់អគារត្រូវបានដួលរលំទាំងស្រុង។

សាកសពរបស់ចៅស្រី ត្រូវបានរកឃើញនៅ ៣ ម៉ោងបន្ទាប់។ លោកតាថា សាកសពចៅស្រីរកឃើញនៅក្រោមថ្មមួយផ្ទាំង។

អ្នកស្រុកនៅទីនោះនិយាយថា មានកុមារប្រហែល ៧០ នាក់ដែលមានអាយុពី ២ ទៅ ៧ ឆ្នាំ បានទៅសាលារៀនកាលពីថ្ងៃសុក្រ ថ្ងៃដែលកើតរញ្ជួយដី។ ចំណែកខាងសាលារៀនបាននិយាយថា កុមារ ១២ នាក់ និង គ្រូបង្រៀនម្នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ។ យ៉ាងណាក្តី អ្នកស្រុកជឿថា ហោចណាស់នៅមាន ៤០ នាក់ទៀត ដែលកំពុងស្ថិតនៅក្រោមគំនរថ្មរលំទាំងនោះ។ បច្ចុប្បន្ន ប្រជាជនក្នុងទីក្រុងបានកំពុងនាំគ្នាជួយរើគំនរថ្ម ខណៈឪពុកម្តាយស្រែកទ្រហោយំ និង ហៅឈ្មោះកូនឥតឈប់ឈរ៕
ប្រភព៖ BCC