បច្ចុប្បន្ន ស្ថាបនិកបង្កើតអាជីវកម្មសុទ្ធតែវ័យក្មេង និង ពោរពេញទៅដោយចំណេះ។ ពួកគេហាក់ពូកែច្បិចគំនិតថ្មីៗ ថ្វីបើរកស៊ីនៅក្នុងវិស័យតែមួយក៏ដោយ។ ជាក់ស្តែង ដូចជាស្ថាបនិកស្ត្រីទាំង ៣ រូបនេះ ម្នាក់ៗសុទ្ធតែបញ្ចប់ការសិក្សាពីក្រៅប្រទេស ហើយបានមកបង្កើតអាជីវកម្មដ៏ទាក់ទាញ និង មានទីផ្សារលេចធ្លោក្នុងវិស័យសម្រស់នៅកម្ពុជា។ តាមរយៈ Prestige 40 Under 40 2025 យើងសូមលម្អិតស្ថាបនិកទាំង ៣ រូប ដូចខាងក្រោម ៖
១. Borasy Lim ជាស្ថាបនិកស្ទូឌីយោ Align
មានវ័យទើបតែ ២៤ ឆ្នាំ Borasy Lim ជាស្ថាបនិក ស្ទូឌីយោ Align ដែលបង្ហាត់ Pilates ជាលំហាត់ប្រាណកំពុងទទួលបានការពេញនិយមខ្លាំងនៅកម្ពុជា។ ជាមួយសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពីសាលាធុរកិច្ច IE Business School ស្ថាបនិករូបនេះ បានប្រើប្រាស់ចំណេះមកបើកដំណើរការស្ទូឌីយោ Pilates ឯករាជ្យដំបូងគេនៅកម្ពុជា ភ្ជាប់នឹងយុទ្ធសាស្ត្រដ៏មុតស្រួច និង ទស្សនវិស័យជាសកល។ ក្នុងរយៈពេលដ៏ខ្លី ស្ថាបនិករូបនេះ បានពង្រីកស្ទូឌីយោដល់ទៅ ២ កន្លែង មួយនៅក្នុងតំបន់ទួលទំពូង និង មួយទៀតនៅតំបន់បឹងស្នោ រាជធានីភ្នំពេញ។
២. គង់ សារីតា (SARITA KONG) ស្ថាបនិក និង ជានាយកប្រតិបត្តិនៃសាឡន Mayfair BeautyBar
វ័យ ២៧ ឆ្នាំ ក្នុងនាមជាស្ថាបនិក និង ជានាយកប្រតិបត្តិ (CEO) គង់ សារីតា នាងបានដឹកនាំជំនួញ សាឡន Mayfair BeautyBar ប្រកបដោយស្តង់ដា និង មានវិជ្ជាជីវៈខ្ពស់។ នាងបានបញ្ចប់ការសិក្សាផ្នែកគោលនយោបាយ និង កិច្ចការសកល (Policy and Global Affairs) នៅ Nanyang Technological University ដែលជាសាកលវិទ្យាល័យលំដាប់កំពូលនៅសិង្ហបុរី ហើយបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ពាណិជ្ជកម្មអន្តរជាតិនៅ Université libre de Bruxelles នៅទីក្រុង Brussels ប្រទេសបែលហ្សិក។ ភាពជាអ្នកដឹកនាំរបស់នាង គឺបន្តដើម្បីកម្លាំងជំរុញចិត្តជាមួយចក្ខុវិស័យពង្រីកសាឡន Mayfair BeautyBar នៅទូទំាងប្រទេសកម្ពុជា និង លើសនេះ ដោយផ្តោតលើការផ្តល់សេវាកម្មប្រណីត និង ការថែរក្សាខ្លួន។
៣. វេជ្ជបណ្ឌិត ឃុន សុភាវៈនារី ស្ថាបនិកគ្លីនិក La Belle Clinic
La Belle Clinic គឺជាគ្លីនិកសើរស្បែក និង កែសម្ផស្សដោយមិនវះកាត់ឈានមុខគេមួយនៅកម្ពុជា ដែលមានស្ថាបនិកស្ត្រីដ៏ឆ្នើម គឺ វេជ្ជបណ្ឌិត ឃុន សុភាវៈនារី។ ស្ថាបនិកវ័យ ៣៤ ឆ្នាំរូបនេះ មានជំនាញច្បាស់លាស់ជាមួយសញ្ញាបត្រវេជ្ជបណ្ឌិត និង ការបណ្តុះបណ្តាលឯកទេសផ្នែកសើរស្បែកគ្រឿងសម្អាងត្រឹមត្រូវ។ នាងក៏ទទួលបានសញ្ញាបត្រផ្នែក Aesthetic Medicine ពី American Academy of Aesthetic Medicine នៅសហរដ្ឋអាមេរិកផងដែរ៕