នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ អគ្គនាយកដ្ឋានពន្ធដា បានចេញសេចក្តីជូនដំណឹង ស្តីពីការរំឭកលើកទី ២ នៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ ២០២៥ ខណៈការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។

អគ្គនាយកដ្ឋានពន្ធដា បានបញ្ជាក់ឱ្យបានដឹងថា រហូតមកទល់ពេលនេះ អគ្គនាយកពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តមួយចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។
ក្នុងន័យនេះ អគ្គនាយដ្ឋានពន្ធដារ បានក្រើនរំឭកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញទៅបង់ពន្ធ ឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬ នៅសាខាពន្ធដារខេត្ត ខណ្ឌ ឬ នៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ម្ចាស់យានយន្តក៏អាច បង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។

អគ្គនាយកដ្ឋានពន្ធដារ បានបន្តថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធត្រូវស្មើនឹង ១០០%នៃប្រាក់ពន្ធត្រូវបង់) តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងចេញលិខិតជូនដល់លំនៅឋានម្ចាស់យានយន្ត ឬ សហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និង កងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា ឬ ចាត់វិធានការផ្សេងៗតាមការចាំបាច់ បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥៕
