និយាយពីតារាស្រីកូនកាត់ខ្មែរ-ប៊ុលហ្គារី កញ្ញា Bobby stella ដែលជាតារាស្រីវ័យក្មេងដ៏មានប្រជាប្រិយភាពមួយក្នុងវិស័យសិល្បៈ និង កំពុងឆក់បានទីផ្សារខ្លាំងជាមួយសមត្ថភាព ទេពកោសល្យរបស់នាងទាំងវិស័យសម្ដែង ថតស្ប៉តពាណិជ្ជកម្ម MV បទចម្រៀង និង មាតិកាបណ្ដាញសង្គមផ្សេងៗ។


លើសពីនេះ តារាស្រី Bobby Stella មិនត្រឹមតែមានទេពកោសល្យលើសិល្បៈនោះទេ នាងថែមទាំងមានរូបសម្រស់ស្រស់ស្អាត រូបរាងតូចច្រឡឹង មុខមាត់កាត់បរទេស ស្នាមញញឹមមានមន្តស្នេហ៍ និង មានភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់ខ្លាំង ដែលតែងឆក់បានបេះដូងមហាជនអ្នកគាំទ្រជាច្រើន។


ទាក់ទងជីវិតស្នេហា កន្លងមកតារាស្រីកូនកាត់រូបនេះ មិនដែលឃើញបង្ហើបទំនាក់ទំនងស្នេហាជាមួយបុរសរូបណា ឬបើកបង្ហាញចំណងស្នេហ៍ជាសាធារណៈឡើយ ដោយភាគច្រើននាងបង្ហាញការចាយជីវិតនៅលីវយ៉ាងរីករាយគួរឱ្យស្រឡាញ់ មានទាំងបែបលេងសើចម្ញ៉ិកម្ញ៉ក់ និង លេងស្ទីលជានារីទាន់សម័យយ៉ាងទាក់ទាញ ធ្វើឱ្យអ្នកគាំទ្របុរសៗជាច្រើនខមមិនបែបលេងសើច ដោយតាំងខ្លួនជាសង្សាររបស់ Stella ទៀតផង។


ដោយឡែក ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្ររបស់តារាស្រីរូបស្រស់នេះ ចាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ខណៈបានឃើញរូបភាពដ៏ផ្អែមល្ហែមរវាងនាង និង បុរសរូបសង្ហាម្នាក់លើបណ្ដាញសង្គម TikTok ដែលបង្ហោះឡើងក្នុងន័យស្នេហាបញ្ជាក់ឱ្យដឹងថាអ្នកទាំងពីរជាគូស្នេហ៍នឹងគ្នា។


ក្នុងនោះ តាមរយៈការបង្ហោះគណនី TikTok របស់លោក Rith Mario ដែលបានបង្ហាញរូបភាពយ៉ាងផ្អែមល្ហែមជាមួយកញ្ញា Stella ព្រមទាំងខាងស្រីក៏បានចូលបញ្ចេញមតិបង្ហាញក្ដីស្រឡាញ់ទៅកាន់គ្នាយ៉ាងស្អិតល្មួតទៀតផង៕

