កាលពីរាត្រីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធីប្រកួតម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ បាន ឈានមកដល់វគ្គពាក់កណ្តាលផ្តាត់ព្រ័ត្រហើយ ដោយក្នុងនោះបេក្ខជន Top 5 រួមមានលោក សុធារិទ្ធ, កញ្ញា ម៉ាលីន, កញ្ញា លីនណា, លោក សំអន និង អ្នកនាង លីនដា បានប្រយុទ្ធយ៉ាងក្តៅគគុកក្នុងចង្ក្រានបាយ MasterChef។
ជាលទ្ធផលក្នុងការប្រកួតវិញ្ញាសាជាច្រើនវគ្គនោះ បេក្ខជន ២ រូប ដែលត្រូវចាកចេញពីកម្មវិធី គឺលោក សំ សុធារិទ្ធ និង កញ្ញា ប៊ុន លីនណា ខណៈបេក្ខជន ៣ រូប ទៀតបានឡើងទៅកាន់ Top 3 ប្រកួតក្នុងវគ្គផ្តាត់ព្រ័ត្រនាសប្តាហ៍ក្រោយ។
ងាកមកកាន់ កញ្ញា ម៉ាលីន ឯណោះវិញ ក្នុងនាមជាបេក្ខជនធ្វើបានល្អជាងគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង បានក្លាយទៅជា Top 3 ហើយនោះ នាងក៏មិនបង្ហាញអារម្មណ៍រំភើបរីករាយខ្លាំងនោះឡើយ ក៏ព្រោះតែមិត្តភក្តិរបស់នាង គឺកញ្ញា លីនណា មិនអាចបន្តដំណើរក្នុងការប្រកួតទៀតបាន។
កញ្ញា ម៉ាលីន បានរៀបរាប់ថា៖ «អារម្មណ៍ គឺសប្បាយខ្លាំង ប៉ុន្តែនាងមិនអាចលោតកញ្ឆេងបានទេ ដោយសារក្នុងចិត្តនាង នាងដឹងថាថ្ងៃនេះ លីនណា អាចនឹងទៅផ្ទះ ចឹងនាងសប្បាយចិត្តចំពោះខ្លួនឯង ប៉ុន្តែនាងអាណិតពួកម៉ាកនាង»។
ក្នុងនោះ ក្រោយពីបានឮសម្តីរបស់កញ្ញា ម៉ាលីន ពោលដូច្នេះហើយ អ្នកគាំទ្របានបង្ហាញអារម្មណ៍កោតសរសើរ ដល់ចំណងមិត្តភាពរបស់អ្នកទាំង ២ យ៉ាងខ្លាំង ដែលស្រឡាញ់ បារម្ភ និង ចង់ឱ្យមិត្តទទួលបានជោគជ័យដូចគ្នា៕