នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យបានដឹងថា នៅរសៀលថ្ងៃនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចុះទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និង រាយការណ៍អំពីស្ថានភាពព្រំដែន ត្រង់ចំណុចបណ្តោយព្រំដែនលេខ ៤៧ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សូមរំឭកផងដែរថា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ បានឱ្យដឹងថា ចាប់ពីម៉ោង ១៤:២០ នាទី រសៀល កងកម្លាំងយោធារបស់ថៃ បានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និង សមត្ថកិច្ច នៅភូមិជោគជ័យ ធ្វើការទប់ស្កាត់យ៉ាងខ្លាំង ទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។
យ៉ាងណាមិញ ទាក់ទិនទៅនឹងករណី កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និង ខ្ជាប់ខ្ជួននូវបទឈប់បាញ់ និង ជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និង កងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រ នៃជម្លោះ និង ជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។ កម្ពុជាបញ្ជាក់ថា រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០០ (MOU 2000)៕