ដូចមហាជនបានជ្រាបហើយថា តារាចម្រៀងរ៉េប វណ្ណដា មិនត្រឹមតែមានភាពល្បីល្បាញក្នុងប្រទេសកម្ពុជានោះទេ តែលោកគឺជាតារាចម្រៀងរ៉េបវ័យក្មេងត្រូវបានបរទេសស្គាល់ជាតារាចម្រៀងរ៉េបកម្ពុជា ដែលតែងបង្ហាញវប្បធម៌ អរិយធម៌ទៅកាន់ពិភពលោក។
ងាកមកកាន់ការផលិតបទចម្រៀងក៏ដូចគ្នា រយៈពេលជិត ៧ ឆ្នាំមកនេះ វណ្ណដា បានផលិតបទចម្រៀងជាច្រើនបទ ដោយក្នុងនោះលោកបានបញ្ចេញ Album ចម្រៀងយ៉ាងកក្រើកដល់ទៅ ២ រួចមកហើយ រួមមាន «$KULL» និង «$KULL 2»។ ថ្មីៗនេះ តារាចម្រៀងរ៉េប វណ្ណដា បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកបានឱ្យដឹងថា Album ទី ៣ របស់លោក ដែលបានចំណាយពេលផលិតអស់ប្រមាណ ៣ ឆ្នាំ បានរួចរាល់ហើយ។
ជាក់ស្តែង មុននឹងការបញ្ចេញ Album ទី ៣ ជាផ្លូវការនោះ នៅថ្ងៃទី ២៤ និង ២៥ មករា ឆ្នាំ ២០២៥ នេះ តារាចម្រៀងរ៉េប វណ្ណដា បានរៀបចំកម្មវិធីពិសេសមួយ ដើម្បីបង្ហាញជាផ្លូវការនូវចម្រៀងក្នុង Album ចម្រៀងទី ៣ របស់លោកដោយមានឈ្មោះថា «The VannDa Listening Party» ។
យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសនោះ នៅក្នុងកម្មវិធី «The VannDa Listening Party» វណ្ណដា បានយកបទចម្រៀង ដែលលោកបានផលិតរយៈពេលប្រមាណជា ៣ ឆ្នាំ មកនេះ មកបង្ហាញ និង ស្តាប់រួមគ្នាជាមួយនឹងអ្នកគាំទ្ររាប់ពាន់នាក់ ដើម្បីចូលរួមជ្រើសរើសចម្រៀងដាក់ចូលក្នុង Album ទី ៣ របស់លោក។
ក្នុងនោះ ការរៀបចំកម្មវិធីខាងលើនេះឡើង អាចចាត់ទុកថាជាបទពិសោធថ្មីរបស់អ្នកគាំទ្រ ដែលជាចំណែកមួយក្នុងការធ្វើឱ្យ Album ទី ៣ ពោរពេញដោយភាពសម្បូរបែប។ គួរបន្ថែមថា Album ទី ៣ របស់ វណ្ណដា នឹងចេញជាផ្លូវការនៅខែមិនា ឆ្នាំ ២០២៥ ខាងមុខនេះ៕