នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ Royal Railway Cambodia បានជូនដំណឹងពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និង រថយន្តមួយគ្រឿង ដោយនៅវេលាម៉ោង ២៖២៦ នាទីយប់ ឈានចូលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ មានបុរសម្នាក់បើកបររថយន្ដ LEXUS NX200t បំពានរបាសុវត្ថិភាពដែលបានទម្លាក់ចុះ និង បានបង្កជាគ្រោះថ្នាក់ បណ្ដាលឱ្យរថភ្លើង និង រថយន្តរងការខូចខាត ហើយរថយន្តបានខ្ទាតធ្លាក់ចូលប្រឡាយលូ។
គ្រោះថ្នាក់នេះ បានកើតឡើងនៅចំណុចគីឡូម៉ែត្រទី ១២ ស្ថិតនៅតាមបណ្ដោយផ្លូវ វិមានឈ្នះៗ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមការបញ្ជាក់បានឱ្យដឹងថា អ្នកបើកបររថយន្តរងរបួសស្រាល និង បានរត់គេចខ្លួនចោលរថយន្តភ្លាមៗពីកន្លែងកើតហេតុ។
ក្នុងករណីនេះ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់នាពេលខាងមុខ ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ក៏បានសូមសំណូមពរដល់បងប្អូនទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវដែក និង អនុវត្តតាមការណែនាំដូចខាងក្រោម៖
១. ត្រូវផ្ដល់សិទ្ធអាទិភាពដល់ខ្សែរថភ្លើងគ្រប់ពេលវេលាមុននឹងធ្វើដំណើរឆ្លងកាត់
២. ត្រូវស្ថិតនៅចម្ងាយយ៉ាងតិច ៣ ម៉ែត្រពីរបារសុវត្ថិភាព
៣. ត្រូវអនុវត្តតាមការណែនាំរបស់ឆ្មាំរបាររាល់ពេលមានរថភ្លើងឆ្លងកាត់
៤. ហាមអង្គុយលេងឬប្រលែងគ្នាលេងនៅលើឬក្បែរផ្លូវរថភ្លើង
៥. ហាមលែងឬ ចងសត្វពាហនះនៅលើឬក្បែរផ្លូវរថភ្លើង
៦. ហាមចត ឬ ប្រកបមុខរបរអាជីវកម្មនៅក្បែរផ្លូវរថភ្លើង
៧. ហាមដាក់សម្ភារៈ និង ប្រារព្ធពិធីផ្សេងៗនៅក្បែរផ្លូវរថភ្លើង
៨. ហាមធ្វើផ្លូវឆ្លងកាត់រថភ្លើង ដោយគ្មានការអនុញ្ញាត
៩. ចំនុចឆ្លងកាត់ដែលគ្មានឆ្មាំរបារត្រូវឈប់យ៉ាងតិចចម្ងាយ ៥ ម៉ែត្រពីផ្លូវរថភ្លើង ត្រូវពិនិត្យឆ្វេងស្ដាំមុននឹងឆ្លងកាត់
១០. ត្រូវពិនិត្យស្លាកសញ្ញាសុវត្ថិភាព ក្រលេកមើលឆ្វេងស្តាំ និង ស្ដាប់សំឡេងស៊ីផ្លេរបស់រថភ្លើងមុននឹងឆ្លងកាត់ផ្លូវរថភ្លើង៕