ទើបតែប៉ុន្មានម៉ោងមុន ក្មេងស្រីវ័យ ១៤ ឆ្នាំម្នាក់ ត្រូវបានសត្វតោសម្លាប់នៅជាយក្រុង Nairobi ប្រទេសកេនយ៉ា។ នេះបើតាមការលើកឡើងពីខាងសេវាកម្មសត្វព្រៃនៃប្រទេសកេនយ៉ា ដែលចេញផ្សាយដោយសារព័ត៌មាន BBC។
យោងតាមភ្នាក់ងារអភិរក្សសត្វព្រៃ សាកសពក្មេងស្រីត្រូវបានគេយកចេញពីបរិវេណលំនៅដ្ឋានមួយកន្លែងនៅក្បែរឧទ្យានជាតិណៃរ៉ូប៊ី ។ ហេតុការណ៍នេះ ត្រូវបានក្មេងវ័យជំទង់ម្នាក់ប្រទះឃើញ និង រត់ទៅផ្តល់ដំណឹង ហើយភ្លាមៗមន្ត្រីសេវាកម្មសត្វព្រៃ ក៏បានចេញដំណើរទៅដល់ក្បែរទន្លេ Mbagathi ជាកន្លែងដែលរកឃើញសាកសព។
មកទល់ពេលនេះ សត្វតោដែលសម្លាប់ក្មេងស្រីនៅមិនទាន់រកឃើញនៅឡើយ ប៉ុន្តែខាងសេវាកម្មសត្វព្រៃបាននិយាយថា ពួកគេបានរាយអន្ទាក់ និង ដាក់ពង្រាយក្រុមដើម្បីស្វែងរករួចរាល់។ ទីភ្នាក់ងារបានបន្ថែមថា វិធានការសន្តិសុខបន្ថែមត្រូវបានចាត់ឡើងដើម្បីការពារការវាយប្រហារបន្ថែមទៀត។
ឧទ្យានជាតិណៃរ៉ូប៊ី ស្ថិតនៅចម្ងាយត្រឹមតែ ១០ គីឡូម៉ែត្រ ពីទីក្រុង ហើយវាជាជម្រករបស់សត្វដូចជា តោ ក្របី សត្វកវែង ខ្លារខិន និង ខ្លារត្រី។ បើទោះឧទ្យានត្រូវបានហ៊ុមព័ទ្ធ ៣ ច្រក ដើម្បីការពារសត្វពាហនៈចូលទីក្រុង ប៉ុន្តែវាត្រូវបានបើកនៅភាគខាងត្បូង ដើម្បីអនុញ្ញាតឱ្យសត្វធ្វើចំណាកស្រុក និង ក្រៅតំបន់៕
ប្រភព៖ BBC