សារព័ត៌មាន Ettoday បានរាយការណ៍ពីករណីមួយនៅប្រទេសចិន ដែលប្រធានក្រុមហ៊ុនម្នាក់ ត្រូវប្រពន្ធចាប់បានថាមានស្រី ព្រោះចៃដន្យចូលទៅក្នុងការឡាយវីដេអូរបស់អ្នកចូលរួមរត់ម៉ារ៉ាតុងជាមួយគ្នា។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅទីក្រុង Wuxi ខេត្ត Jiangsu កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ ដោយការរត់ម៉ារ៉ាតុងមួយត្រូវបានធ្វើឡើង ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មហាជន។ ក្នុងនោះដែរ មានបុរសម្នាក់បានលើកទូរស័ព្ទមកឡាយវីដេអូលេង ចៃដន្យក៏ថតបានប្រធានក្រុមហ៊ុនមួយរូប កំពុងតែឱបស្មាស្រីម្នាក់នៅក្នុងការរត់នេះដែរ តែក៏មិនមានអ្នកចាប់អារម្មណ៍ ព្រោះគេគិតថាអ្នកទាំងពីរជាប្តីប្រពន្ធនឹងគ្នា។
យ៉ាងណាមិញ ក្រោយមកស្រាប់តែមានអ្នកនៅតាមបណ្តាញសង្គម ដែលស្គាល់បុរសជាប្រធានក្រុមហ៊ុនរូបនេះ បានទម្លាយឱ្យដឹងថាស្រីម្នាក់នោះមិនមែនប្រពន្ធរបស់គាត់នោះទេ តែតាមពិតគឺជាស្រីស្នេហ៍។ រឿងរ៉ាវមួយនេះ ក៏បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ហើយក៏ដឹងដល់ប្រពន្ធដើមរបស់ប្រធានក្រុមហ៊ុនខាងលើ ហើយមានព័ត៌មានថានាងកំពុងតែរៀបចំចាត់ការជាមួយនឹងប្តីជើងល្អរូបនេះទៀតផង៕
ប្រភព៖ Kapook