ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នៅវេលាម៉ោង ១១:០០ ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ មានករណី សន្ដិសុខបុរីពីរនាក់ត្រូវបានម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម និង ម្នាក់ទៀតរបួសធ្ងន់ ក្រោយត្រូវជនជាតិថៃមួយក្រុម បានដេញចាក់សម្លាប់ក្នុងផ្ទះល្វែងមួយកន្លែង នៅបុរីសានហូ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទាក់ទិនទៅនឹងករណីនេះ មន្រ្តីជំនាញផ្នែកស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ បានប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មានក្នុងស្រុកឱ្យបានដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋ ថាមានករណីឃាតកម្មចាក់សម្លាប់បុរសសន្តិសុខម្នាក់ ខណៈម្នាក់ទៀតត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ភ្លាមៗកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ពីរនាក់ និង បន្តក្រសោបបានបក្សពួកសរុបចំនួន ៩ នាក់ ដែលសុទ្ធសឹងជាជនជាតិថៃ បញ្ជូនទៅកាន់ការិយាល័យនគរបាលជំនាញ ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែម។


យ៉ាងណាមិញ ទាក់ទិនទៅនឹងករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ពុំទាន់បានបញ្ជាក់ពីមូលហេតុដែលឈានទៅដល់ការចាក់សម្លាប់ពលរដ្ឋខ្មែរទាំង ២ រូប នៅឡើយទេ៕

ប្រភព ៖ SBM News