អ្នកគាំទ្រវិស័យសិល្បៈ ដែលនិយមតាមដានពីរឿងរ៉ាវឯកជន និង ការងាររបស់តារាប្រុស លោក រតនៈ វិសិដ្ឋ ច្បាស់ជាបានជ្រាបហើយថា ពេលនេះ តារាប្រុសរូបសង្ហារូបនេះ បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅឯសហរដ្ឋអាមេរិក ប្រមាណជាង ១ ឆ្នាំ មកហើយ។
ក្នុងនោះដែរ បន្ទាប់ពីទៅរស់នៅឯសហរដ្ឋអាមេរិក លោក រតនៈ វិសិដ្ឋ ក៏នៅតែបន្តអាជីពជាតារាចម្រៀងដូចដើម និង ទទួលបានប្រជាប្រិយភាពមិនចាញ់កាលរស់នៅឯប្រទេសកម្ពុជានោះឡើយ។ ជាងនេះទៅទៀត អ្វីដែលចាប់អារម្មណ៍ ទៅរស់នៅទីនោះ លោក រតនៈ វិសិដ្ឋ ក៏បានចាប់ជំនាញផ្នែកសិល្បៈបុរាណ ដោយច្រៀងភ្លេងការថែមទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ ក្រោយពីបានទៅរស់នៅសហរដ្ឋអាមេរិកបានមួយរយៈធំហើយនោះ លោក រតនៈ វិសិដ្ឋ ទើបមានឱកាសបានជួបនឹងរៀមច្បងក្នុងវិស័យសិល្បៈ គឺតារាភាពយន្តអ្នកនាង អម្ពរ ទេវី ក្នុងកម្មវិធីមួយ រហូតធ្វើឱ្យលោក រតនៈ វិសិដ្ឋ បង្ហាញអារម្មណ៍រំភើប និង សរសើរពីរៀមច្បងមិនដាច់ពីមាត់។
ក្នុងនោះ លោក រតនៈ វិសិដ្ឋ បាននិយាយអារម្មណ៍ចេញពីចិត្តថា៖ «ទម្រាំតែបានជួបបងស្រី គឺចាំមកយូរឆ្នាំណាស់ ទោះបីមកដល់ទឹកដីនេះក្តី! ជាលើកទី ១ ពិតជារំភើបណាស់ សំខាន់បងស្រីនៅតែស្អាត»៕