និយាយពីយុវតី គុណ កន្និកា ជាម្ចាស់ជ័យលាភីគ្រងមកុដនៃកម្មវិធីបវរកញ្ញាយុវតី Miss Teen Icon Cambodia 2024 ដែលយុវតីរូបនេះ កំពុងត្រៀមខ្លួនតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Teen Icon International 2025 នៅពាក់កណ្ដាលខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។
ក្រោយក្លាយជាម្ចាស់មកុដបវរកញ្ញាយុវតី Miss Teen Icon Cambodia 2024 មួយរយៈកន្លងទៅនេះ គុណ កន្និកា មិនត្រឹមតែទទួលការចាប់អារម្មណ៍លើវិស័យបវរកញ្ញានោះទេ ក៏កំពុងក្ដោបបានប្រជាប្រិយភាពខ្លាំងក្នុងវិស័យសម្ដែងថែមទៀត ដោយកន្លងមកក្រៅពីធ្វើការហ្វឹកហាត់ត្រៀមប្រកួតលើឆាកអន្តរជាតិ នាងក៏ឆ្លៀតប្រឡូកចូលវិស័យសម្ដែងដែរ។
ស្របពេលប្រឡូកចូលវិស័យសម្ដែងនេះដែរ បវរកញ្ញាយុវតី គុណ កន្និកា ត្រូវបានមហាជនផ្ទុះចាប់អារម្មណ៍សរសើរ និង បង្ហាញការគាំទ្រខ្លាំងចំពោះស្នាដៃសម្ដែងដ៏ប៉ិនប្រសប់ជាតួស្រីក្នុងភាពយន្តភាគខ្មែរបន្តបន្ទាប់របស់ស្ថានីយទូរទស្សន៍បាយ័ន។
លើសពីនេះ ខណៈកំពុងផ្ទុះប្រជាប្រិយភាពជាមួយស្នាដៃសម្ដែងខ្សែភាពយន្តភាគមួយរយៈ ថ្មីៗកន្លងទៅនេះ គុណ កន្និកា ក៏ក្ដោបបានឱកាសសម្ដែងជាតួឯកស្រីក្នុងភាពយន្តខ្នាតធំ ២ រឿងទៀត ជាប្រភេទរឿងដ៏រន្ធត់ព្រឺព្រួច និង កម្សត់ គឺរឿង «ព្រាយបំពេកូន» និង រឿង «ភ្លើងឆេះក្លឹបក្រោមដី» ដែលកំពុងផ្ទុះការចាប់អារម្មណ៍គាំទ្រខ្លាំង នឹងត្រៀមចាក់បញ្ចាំងគ្រប់រោងភាពយន្តខ្មែរឆាប់ៗខាងមុខ៕