ជាការពិតណាស់ មហាជននិយមតាមដានជីវិតឯកជនរបស់តារាកំប្លែង អ្នកនាង ខ្ញុង ច្បាស់ជាបានជ្រាបខ្លះៗមកហើយថា មុននឹងរៀបការសាងគ្រួសារនឹងតារាកំប្លែង នាយ កៃដរ គឺតារាកំប្លែងស្រីរូបនេះ ក៏ធ្លាប់មានចំណងអាពាហ៍ពិពាហ៍ទទួលបានកូនប្រុសម្នាក់រួចហើយដែរ។

យ៉ាងណាមិញ ក្រោយបែកបាក់ចំណងអាពាហ៍ពិពាហ៍ទី ១ អ្នកនាង ខ្ញុង ក៏បានជួបលោក កៃដរ និង បានរៀបការកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៩។ ក្នុងនោះ ក្រោយរៀបមង្គលការបានប្រមាណ ១ ឆ្នាំ អ្នកនាង ខ្ញុង និង លោក កៃដរ ក៏ទទួលបានចំណងដៃកូនប្រុស ១ នាក់ ហើយថ្មីៗកន្លងទៅនេះ តារាកំប្លែងរូបនេះ ក៏បានប្រកាសដំណឹងកំពុងពពោះកូនទី ៣ ផងដែរ ដែលជាកូនស្រី។

ក្នុងនោះដែរ ក្រោយរង់ចាំអស់រយៈពេល ៩ ខែ ១០ ថ្ងៃ ហើយនោះ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ អ្នកនាង ខ្ញុង បានបង្ហាញវីដេអូនៅក្នុងមន្ទីរពេទ្យត្រៀមរង់ចាំស្វាមគមន៍កូនស្រីដំបូងហើយ ដោយក្នុងនោះ តារាកំប្លែងរូបនេះបានអមនូវសារមួយថា៖ «អារម្មណ៍ពេលនេះ ភ័យអរ ព្រោះបានកូនស្រី»៕





