នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីឱ្យព្រះរាជពិធីប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធព្រះរាជពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ ៦ ចាប់ពីម៉ោង ០៥:០០ នាទី រហូតដល់បញ្ចប់ព្រះរាជកម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មហាវិថីខាងលើ យោគយល់អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីតាមពេលវេលាកំណត់ ខណៈផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖