ថ្មីៗនេះ សារព័ត៌មាន Khaosod បានរាយការណ៍ថា ខាងយោធាមីយ៉ាន់ម៉ា បានព័ទ្ធបង្រ្កាបក្រុមជនឆបោកអនឡាញមួយដ៏ធំដែលនៅជាប់ជាយដែន បង្កឱ្យមានចលាចលបែកហ្វូង នាំគ្នារត់ចូលមកទឹកដីថៃជិត ២០០ នាក់។
តាមព័ត៌មានបានឱ្យដឹងថា កងយោធាមីយ៉ាន់ម៉ា បានប្រតិបត្តិការបង្រ្កាបក្រុមជនឧទ្ទាមប្រឆាំង ហើយក៏បានបង្រ្កាបទៅដល់ក្រុមជនឆបោកអនឡាញនៅតំបន់ “KK Park” ដែលនៅទល់មុខភូមិម៉ែគុ ស្រុកម៉ែសត ខេត្តតាក ប្រទេសថៃ។ ប្រតិបត្តិការនេះ បានធ្វើឱ្យក្រុមខាងលើបានកើតការភិតភ័យចលាចល ហើយបាននាំគ្នាហែលឆ្លងទន្លេមើយ ពីខាងប្រទេសមីយ៉ាន់ម៉ា ឆ្លងឡើងទៅកាន់ទឹកដីថៃ។
ក្នុងនោះ អាជ្ញាធរថៃបានឃាត់ខ្លួនបានចំនួន ១៩៤ នាក់ ដែលក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ប៉ាហ្គីស្ថាន និងហ្វីលីពីន ហើយក៏បានបញ្ជូនខ្លួនទៅសួរនាំ មុននឹងដំណើរចាត់ចែងទៅតាមផ្លូវច្បាប់។ ដោយឡែក សារព័ត៌មានបានឱ្យដឹងថា នៅពេលនេះក៏មានក្រុមជនខាងលើបានកំពុងតែគេចខ្លួនជាបន្តបន្ទាប់ ដោយប៉ាន់ស្មានអាចនឹងមានជាង ២ ០០០ នាក់ឯណោះ ហើយអាជ្ញាធរថៃក៏កំពុងតែត្រៀមទប់ទល់ស្ថានការណ៍នេះដែរ៕
ប្រភព៖ Khaosod