ការសិក្សាមួយ ដែលត្រូវបានចុះផ្សាយលើគេហទំព័រ PNAS បានវិភាគទិន្នន័យពីមនុស្សពេញវ័យប្រមាណជាង ៤ សែននាក់ ដែលក្នុងនោះមានអ្នករស់នៅអូស្ត្រាលីចំនួន ១៣ ៥០០ នាក់ និង អ្នកនៅចក្រភពអង់គ្លេស ៤០៥ ១១៧ នាក់។ ជាលទ្ធផល គេរកឃើញថា មនុស្សពេញវ័យចំនួន ៣៩២៩ សុទ្ធតែនៅព្រហ្មចារី មិនធ្លាប់ស្គាល់ស្នាមថើបដំបូង និង មិនស្គាល់រសជាតិស្នេហ៍។
ករណីមួយចំនួន ដែលធ្វើឱ្យពួកគេមិនបោះបង់ភាពបរិសុទ្ធ បណ្តាលមកពីកត្តាផ្សេងៗរួមមាន៖ ហ្សែន, ស្ថានភាពផ្លូវចិត្ត, ឥទ្ធិពលតាមតំបន់, និង អាកប្បកិរិយាសង្គម។
ជាក់ស្តែង សម្រាប់បុរស កត្តាដែលធ្វើឱ្យពួកគេខកខានមិនបានប្រលូករឿងផ្លូវភេទ ឬ សម្ពោធភាពបរិសុទ្ធមានដូចជា៖ មិនមានទំនុកចិត្តលើរូបរាងកាយ, ទំហំប្រដាប់ភេទ, ប្រាក់ចំណូល, ការគេងស្រមុក, ទម្លាប់ប្រើទូរស័ព្ទ, ការមិនពេញចិត្តនឹងជីវិតខ្លួនឯង និង ការរារាំងពីមនុស្សជុំវិញខ្លួន។ ដោយឡែក ចំពោះស្ត្រីវិញ ភាគច្រើនផ្តោតលើរឿងការងារ និង ខ្លាចការមានផ្ទៃពោះ។
មួយវិញទៀត ទាំងបុរស និង ស្ត្រី ដោយសារពួកគេទទួលបានការអប់រំខ្ពស់ និង ខ្លះជាមនុស្សស្ងៀមស្ងាត់ ឬ Introvert ជាហេតុធ្វើឱ្យពួកគេមិនងាយចាប់ផ្តើមរឿងស្នេហា ឬ ផ្លូវភេទ។
វេជ្ជបណ្ឌិត Brendan Zietsch ជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Queensland នៅអូស្ត្រាលី និង ជាអ្នកដឹកនាំការស្រាវជ្រាវបានលើកឡើងថា លក្ខណៈដូចជា អ្នកឆាប់មីញ៉ូបភ្នែក ឬ ពាក់វ៉ែនតាមីញ៉ូប ក៏អាចប៉ះពាល់ដល់ការចង់មានស្នេហា ឬ ការរួមភេទផងដែរ។ វាអាចធ្វើឱ្យប៉ះពាល់ដល់ឱកាសសង្គម និង ការមានអារម្មណ៍ស្នេហាជ្រាលជ្រៅ។
ការសិក្សាស្រាវជ្រាវខាងលើ ក៏បានលើកឡើងដែរថា ការកង្វះបទពិសោធរួមភេទ អាចបណ្តាលឱ្យមនុស្សឯកោ និង គ្មានសុភមង្គល ឬ អារម្មណ៍បែបនេះ អាចធ្វើឱ្យពិបាករកស្នេហាដែលរ៉ូមែនទិក៕
ប្រភព៖ NYP