អ្នកនិយមពាក់គ្រឿងអលង្ការប្រណីត ជឿជាក់ថាប្រាកដជាស្គាល់ច្បាស់នូវហាង ជាង បាក់ វណ្ណ ហុង ឬ CBVH ដែលជាក្រុមហ៊ុនឯកទេសគ្រឿងអលង្ការពេជ្រលំដាប់ស្តង់ដាទី ១ នៅកម្ពុជា។ ហាងពេជ្រដ៏មានប្រជាប្រិយភាពនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៨ ដោយ លោកស្រី អ៊ឹមផាន វណ្ណឌី និង ស្វាមី គឺ លោក វណ្ណ ហុង។

អាជីវកម្មរីកចម្រើនជាលំដាប់ មិនត្រឹមតែមានការចូលរួមពីស្ថាបនិកទាំងពីរខាងលើប៉ុណ្ណោះទេ តែក៏មានការចូលរួមយ៉ាងសកម្មពីប្អូនស្រីបង្កើតរបស់ លោកស្រី អ៊ឹមផាន វណ្ណឌី នោះគឺ អ្នកនាង អ៊ឹមផាន វណ្ណដា។ ជាក់ស្តែង នៅក្រុមហ៊ុន អ្នកនាង អ៊ឹមផាន វណ្ណដា មានតំណែងជាអនុប្រធាន ខណៈដែលបងស្រីមានតំណែងជាប្រធានក្រុមហ៊ុន។
ស្ថិតក្នុងវ័យ ៣៥ ឆ្នាំ ជាអនុប្រធានក្រុមហ៊ុន អ្នកនាង អ៊ឹមផាន វណ្ណដា មានតួនាទីត្រួតពិនិត្យកិច្ចការសារពើពន្ធ និង គោលនយោបាយផ្ទៃក្នុង។ ជាមួយបទពិសោធប្រមាណជាង ១៧ ឆ្នាំ អ្នកនាងបានបញ្ចូលគ្នានូវជំនាញហិរញ្ញវត្ថុ ជាមួយចំណង់ចំណូលចិត្តចំពោះការឌីហ្សាញគ្រឿងអលង្ការ និង ហ្វេហ្សិន។ ក្រោយបន្តការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម អ្នកនាងបានរៀបការជាមួយ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា (H.E. Dr. Vathana Sann) ដោយទទួលបានចំណងដៃកូនពីរនាក់ និង បានដឹកនាំក្រុមហ៊ុន CBVH ឆ្ពោះទៅកាន់យុគសម័យថ្មី។

រយៈក្រោយនេះ អ្នកនាង អ៊ឹមផាន វណ្ណដា នឹងដឹកនាំបើកហាងថ្មីមួយទៀត ដែលមានទីតាំងនៅម្តុំសាលាបាក់ទុក រាជធានីភ្នំពេញ។ នេះគឺជាការបោះជំហានដ៏សំខាន់ នៅក្នុងការរីកចម្រើនបន្ថែមរបស់អ្នកនាង បន្ទាប់ពីបានសហការជាមួយបងស្រីច្រើនឆ្នាំកន្លងមក។ ការផ្លាស់ប្តូរស្របតាមចក្ខុវិស័យរបស់អ្នកនាង គឺដើម្បីធ្វើឱ្យម៉ាកមានជម្រើសច្រើនបែប ដោយនាំយក sub-brand ថ្មី ពង្រីក CBVH ឆ្ពោះទៅកាន់អតិថិជនកាន់តែទូលំទូលាយ ផ្តល់សម្រាប់ទីផ្សារពីលំដាប់ទាបដល់លំដាប់មធ្យម ក៏ដូចជាទាក់ទាញអតិថិជនវ័យក្មេង។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ គឺជាការផ្តោតសំខាន់ចម្បងទាំងទីផ្សារលំដាប់ខ្ពស់ និង លំដាប់ VVIP។

នាពេលខាងមុខ បំណងប្រាថ្នារបស់បងប្អូនបង្កើតទាំងពីរនេះ គឺចង់ពង្រីកដើម្បីបង្កើតជារោងចក្រគ្រឿងអលង្ការ ដែលអាចនាំចេញទៅកាន់ទូទាំងអាស៊ី អូស្ត្រាលី និង សហរដ្ឋអាមេរិក ដោយធ្វើជាអ្នកលក់ដុំនៅលើឆាកអន្តរជាតិ។ ជាមួយវត្ថុធាតុដើមប្រភពពីបែលហ្ស៊ិក អ៊ីស្រាអែល និង រុស្សី ពួកគេក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនផលិតពេជ្រនៅហុងកុង និង ឥណ្ឌា សម្រាប់ជំរុញចក្ខុវិស័យរបស់ពួកគេ ឆ្ពោះទៅរកភាពជោគជ័យជាអន្តរជាតិ៕
ប្រភព៖ Prestige