កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ មានហេតុការណ៍រញ្ជួយដីបានកើតឡើងនៅក្នុងខេត្ត Cebu ប្រទេសហ្វីលីពីន ដែលបណ្តាលឱ្យមានមនុស្សស្លាប់អស់ ២៧ នាក់ និងរបួសជាង ១០០ នាក់។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍រញ្ជួយដីនេះ បានកើតឡើងនៅភាគកណ្តាលខេត្ត Cebu នៅម៉ោងប្រមាណ ៩ និង ៥៩នាទីយប់ ក្នុងកម្រិត ៦.៩ វ៉ិចទ័រ ជម្រៅប្រមាណ ៥ គីឡូម៉ែត្រ។ ក្នុងនោះ ហេតុការណ៍នេះបានសម្លាប់មនុស្សអស់ ២៧ នាក់ និង ១៤៧ នាក់ទៀតបានរបួស ហើយតួលេខអ្នកស្លាប់ និងរបួសនេះកំពុងតែកើនឡើងជាលំដាប់។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងទៀតថា អាជ្ញាធរកំពុងតែអន្តរាគមន៍ជួយទៅលើជនរងគ្រោះទាំងឡាយដោយនាំពួកគេភៀសខ្លួន និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនាទីក្រុង Bogo ជាបណ្តោះអាសន្នសិន។ ដោយឡែក ខេត្តមួយចំនួននៅក្បែរខេត្ត Cebu ក៏ត្រូវបានគេរាយកាណ៍ថាទទួលដឹងការរញ្ជួយតិចតួចដែរ៕