នៅយប់ម៉ោង ១២ ឈានចូលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ មានករណីអគ្គិភ័យមួយនៅប្រទេសថៃ ដែលជាការឆាបឆេះផ្ទះទាហានមួយរូប បង្កឱ្យមានការខូចខាតស្ទើរទាំងស្រុង ហើយម្ចាស់រត់យកជីវិតសឹងមិនរួច។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅឃុំណងសូន ស្រុកមឿង ខេត្តផេចឆៈបុរី ដោយភ្លើងបានឆាបឆេះយកផ្ទះឈើមួយខ្នងយ៉ាងសន្ធោសន្ធៅ បង្កជាការខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះសឹងតែទាំងអស់ រួមទាំងម៉ូតូចំនួន ២ គ្រឿងទៀតផង។ ក្នុងនោះ អាជ្ញាធរប្រើឡានពន្លត់អគ្គិភ័យអស់ចំនួន ៦ គ្រឿង ព្រមទាំងប្រើពេលជាង ៣០ នាទីឯណោះ ទើបអាចពន្លត់ភ្លើងបានទាំងស្រុង។
ដោយឡែក ម្ចាស់ផ្ទះត្រូវបានគេដឹងថា ជាបុរសវ័យ ៥៧ ឆ្នាំ ជាអតីតមន្ត្រីកងទ័ពជើងទឹកមួយរូប ដែលកំពុងរស់នៅជាមួយនឹងឪពុកក្មេកដែលមានវ័យ ៨៨ ឆ្នាំ។ តាមព័ត៌មានបានឱ្យដឹងថា បុរសចំណាស់ជាឪពុកក្មេកមានជំងឺវង្វេង ហើយតែងតែចូលចិត្តដុតភ្លើងលេងជាប្រចាំ តែយ៉ាងណាក្តីអាជ្ញាធរបានកំពុងតែចុះទៅត្រួតពិនិត្យរកមូលហេតុពិតនៃការឆាបឆេះនេះផងដែរ៕
ប្រភព៖ Khaosod