សារព័ត៌មាន Daily Mail បានរាយការណ៍ពីករណីជើងហោះហើរមួយរបស់ឥណ្ឌា ដែលបានចេញដំណើរ ៥ ម៉ោងទៅហើយ តែចុងក្រោយត្រូវបកមកកន្លែងដើមវិញ ដោយសារតែមានការស្ទះបង្គន់លើយន្តហោះ។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះកើតឡើងនៅលើជើងហោះហើរ Air India AI126 ដែលបានចាកចេញពីអាកាសយានដ្ឋាន Chicago សហរដ្ឋអាមេរិក ទៅកាន់ក្រុង New Delhi ប្រទេសឥណ្ឌា កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។ ក្នុងនោះ យន្តហោះបានធ្វើដំណើរចេញបាន ៥ ម៉ោងទៅហើយ ស្រាប់តែមានបញ្ហាការស្ទះបន្ទប់ទឹក ដោយបន្ទប់ទឹកទាំង ១១ បន្ទប់នៅលើនោះ បានស្ទះទាំងអស់ នៅសល់តែបន្ទប់ទឹក ១ ដែលជាបន្ទប់ទឹករបស់ខាង Business Class ប៉ុណ្ណោះ។
យ៉ាងណាមិញ យន្តហោះត្រូវបង្ខំចិត្តត្រឡប់ទៅអាកាសយានដ្ឋាន Chicago វិញ ដោយបានឱ្យដឹងថានេះគឺជាបញ្ហាផ្នែកតិចនិច ចំណែកឯអ្នកដំណើរទាំង ៣០០ នាក់ ត្រូវបានខាងជើងហោះហើររៀបចំកន្លែងឱ្យសម្រាកជាបណ្តោះអាសន្ន ហើយក៏សន្យាថានឹងប្រគល់ប្រាក់ទាំងអស់ជូនវិញ ឬ ក៏ប្តូរជើងហោះហើរឱ្យដោយមិនគិតថ្លៃ៕
ប្រភព៖ Kapook