ជារៀងរាល់ថ្ងៃចុងសប្ដាហ៍ ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ តែងនិយមទៅដើរកម្សាន្តនៅផ្លូវថ្មើរជើងយ៉ាងច្រើនកកកុញ បង្កបរិយាកាសយ៉ាងសប្បាយរីករាយ នៅចំណុចវិថីមុខព្រះបរមរាជវាំង ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ នាពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងឱ្យបានដឹងថា នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ពោលគឺនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ នៅចំណុចផ្លូវថ្មើរជើងរាជធានីភ្នំពេញ ឬ Walk Street នឹងមានកម្មវិធីសម្ដែងល្ខោនបាសាក់ផងដែរ គឺរឿង «តេជោយ៉ត» នៅចំណុចផ្លូវថ្មើរជើងផ្ទាល់តែម្ដង។
ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋដាក់កន្ទេលទៅជាមួយដើម្បីងាយស្រួលអង្គុយទស្សនា ព្រមទាំងអំពាវនាវឱ្យមានការចូលរួមឱ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក៏ដូចជាលើកស្ទួយកម្មវិធីសម្ដែងល្ខោនបាសាក់ ដែលជាសម្បត្តិវប្បធម៌ខ្មែរដ៏មានតម្លៃរបស់យើង៕