មកដល់ពេលនេះ រយៈពេល ១ ឆ្នាំហើយ ដែលតារាស្រី ដួង ម៉ានិច និង លោក Lyderzz បានរៀបការចាប់ដៃគ្នាសាងសុភមង្គលក្នុងជីវិតប្ដីប្រពន្ធ ដែលអ្នកទាំងពីរបានរៀបចំជីវិតរស់នៅយ៉ាងសាមញ្ញៗបែបស្រុកស្រែចម្ការ។


លើសពីនេះ មិនត្រឹមតែប្រើជីវិតរស់នៅជនបទសាមញ្ញៗទេ តែរយៈពេលច្រើនខែមកនេះ ប្ដីប្រពន្ធអ្នកនាង ដួង ម៉ានិច តែងបង្ហាញសកម្មភាពធ្វើបុណ្យដាក់ទាន រៀនធម៌ រក្សាសីល និង សន្សំកុសលតាមផ្លូវព្រះធម៌ទាំងក្នុងស្រុក និង ក្រៅប្រទេសយ៉ាងជ្រះថ្លា។


ដោយឡែក មកដល់ថ្មីៗនេះ ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ១ ឆ្នាំ របស់អ្នកនាង ដួង ម៉ានិច និង លោក Lyderzz ឃើញថាប្ដីប្រពន្ធមួយគូនេះ ក៏ពុំបានឃើញមានការរៀបចំអ្វីអបអរដូចគូស្វាមីភរិយាដទៃឡើយ ដោយអ្នកទាំងពីរបានបន្តធ្វើដំណើរសន្សំកុសលយ៉ាងជ្រះថ្លានៅក្រៅប្រទេស ខណៈលោក Lyderzz បានសាងផ្នួសម្ដងទៀត និង កំពុងធ្វើបុណ្យរក្សាសីលនៅឯប្រទេសស្រីលង្កា៕









