ក្រោយពីដំណឹងមរណភាពយ៉ាងសោកសៅរបស់តារាសម្តែងប្រុស លោក អ៊ុន សិទ្ធា កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ បានធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តទាំងក្នុង-ក្រៅសិល្បៈមានការរន្ធត់ចិត្តហើយនោះ ពេលនេះពិធីបុណ្យសពរបស់លោក អ៊ុន សិទ្ធា បាន និង កំពុងរៀបចំតាមប្រពៃណីនៅឯគេហដ្ឋានផ្ទះលេខ 1B ផ្លូវលេខ 17 ភូមិប៉ប៉្រកខាងត្បូង សង្កាត់កាកាបទីមួយ ខណ្ឌពោធិសែនជ័យ។ តាមប្រភពសាច់ញាតិបានបញ្ជាក់ថា ពិធីបូជាសពរបស់លោក អ៊ុន សិទ្ធា នឹងរៀបចំនៅវត្តពោធិសត្ថារាម (វត្តពោធិ៍ចិនតុង) នាព្រឹកថ្ងៃសុក្រ ទី ២១ ខែវិច្ឆកា ឆ្នាំ ២០២៥ ។

ជាការពិត ដំណឹងនៃការចាកចេញរបស់លោក អ៊ុន សិទ្ធា មិនត្រឹមតែបន្សល់នៅការចងចាំយ៉ាងអាឡោះអាល័យនោះឡើយ ពោលគឺលោកត្រូវបានមហាជនស្ងើចពីចិត្តអំណត់របស់លោកមុនការចាកចេញ ស៊ូសំងំឈឺតែម្នាក់ឯង មិនប្រាប់អ្នកណាសូម្បីតែមិត្តភក្តិស្និទ្ធស្នាល។

ក្នុងនោះ សូម្បីតែលោក ម៉ៃ សុគន្ធ ក៏បានចេញមកបង្ហោះសារយ៉ាងស្រងេះស្រងោចចំពោះលោក អ៊ុន សិទ្ធា ថាជាតារាអ្នកក្រ ដែលមិនហ៊ានសុំជំនួយពីអ្នកណាឡើយ តាំងពីជំនាន់ឪពុកម្តាយឈឺ រហូតដល់ខ្លួនឯង ព្រោះខ្លាចពាក្យថា តារាឱ្យតែឈឺ សុំរៃអង្គាស។

សារនោះ លោក ម៉ៃ សុគន្ធ បានរៀបរាប់ថា៖ «គ្នាតារា! តែតារាអ្នកក្រ ទោះឪពុកម្តាយឈឺ រហូតដល់បាត់បង់ក៏មិនសុំអ្នកណាដែរ រហូតដល់ខ្លួនឯង ក៏មិនហាពឹង អ្នកណាដែរ។ ស៊ូរែកអម្រែកមួយនេះ រហូតដល់ដង្ហើមចុងក្រោយ កុំឱ្យមានពាក្យ តារាឱ្យតែឈឺ សុំរៃអង្គាស សុំជំនួយរហូត (អ្នកសុំក៏មានអ្នកពិត និង អ្នកសម្តែងដែរ) ចឹង! សូមមេត្តាបើកចិត្តឱ្យទូលាយ រៀនមើលល្អឱ្យបានច្រើន ទៅលើមនុស្សជុំវិញខ្លួន។ អរគុណ! ញញឹមឱ្យបានច្រើនណា»៕




