តារាម៉ូឌែលប្រុសម្នាក់ បានប្រើកម្មវិធីលើទូរស័ព្ទដៃ ដែលជា App ស្វែងរកដៃគូឈ្មោះថា Tinder បានចំណាយពេលរហូតដល់ទៅ ៩ ឆ្នាំ និង បាន Like គណនីអ្នកស្វែងរកដៃគូប្រមាណ ៤៨ ០០០ នាក់ ទីបំផុតបែរជារកឃើញនារីក្នុងក្តីស្រមៃនៅខាងក្រៅវិញ មានអាយុចាស់ជាងខ្លួនដល់ទៅជិត ១០ ឆ្នាំ។
បុរសម្នាក់នេះមានឈ្មោះថា Stefan-Pierre Tomlin អាយុ ៣៤ ឆ្នាំ។ លោកបានទាញយកកម្មវិធីស្វែងរកគូ Tinder នៅក្នុងខែ មិថុនា ឆ្នាំ ២០១៥ ក្រោយព្យាយាមស្វែងរកដៃគូស្នេហា តែរកមិនបាន។ ពីរឆ្នាំបន្ទាប់លោកបានញៀនខ្លាំងនឹងការប្រើកម្មវិធីនេះ រហូតចំណាយពេលជាងបីម៉ោងក្នុងមួយថ្ងៃ ដើម្បីបានភ្ជាប់គ្នាឬ matches ជាមួយអ្នកដែលពេញចិត្ត។
នៅក្នុងឆ្នាំ ២០១៧ លោកទទួលបានតំណែង Mr Tinder ដែលមានអ្នក Like ឬ ចុចអូសលើគណនីរបស់លោកមកខាងស្តាំដល់ទៅ ១៤៦០០ នាក់ ដែលវ៉ាដាច់គណនីអ្នកលេងដទៃ។
ថ្វីបើមានអ្នកឆាតជាមួយច្រើនក៏ដោយ ប៉ុន្តែលោកមិនដែលទទួលបានស្នេហាពិតឡើយ។ យ៉ាងណាមិញ លោកនិយាយថា លោកចង់ស្វែងរកនរណាម្នាក់ ដែលជាមនុស្សនៅខាងក្រៅពិតវិញ ហើយជាមនុស្ស ដែលមានរសនិយមមិនទំនើបពេក ឬអាចថាមានអាយុចាស់ជាងលោក។
មិនយូរប៉ុន្មាន បុរសដែលធ្លាប់ហ្វឹកហាត់ជាពីឡុតរូបនេះ ក៏បានរកឃើញស្នេហាពិត បន្ទាប់ពីលោកបានទៅផឹកស៊ីនៅបារមួយកន្លែង នៅសង្កាត់ Soho ទីក្រុងឡុងដ៍នៅក្នុងខែ តុលា ឆ្នាំ ២០២៤។ នារីម្នាក់នោះមានឈ្មោះថា Vicky Batsford អាយុ ៤៣ ឆ្នាំ ធ្វើការជាអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។
បន្ទាប់ពីមើលចិត្តគ្នាប្រមាណ ៩ ខែ ទីបំផុតអ្នកទាំងពីរសម្រេចចិត្តក្លាយជាគូស្នេហ៍ផ្លូវការ។ លោកនិយាយដែរថា នាងជាមនុស្សអស្ចារ្យសម្រាប់លោក ជាមនុស្សពូកែរៀបចំ ចេះដាក់ខ្លួន ហើយឃើញលោកលើសពីអ្នកមានប្រជាប្រិយភាពនៅលើកម្មវិធី Tinder។
ខណៈយល់ចិត្តគ្នាច្បាស់លាស់ Tomlin និង Batsford នឹងមានគម្រោងរើបង្វេចមករួមរស់ក្រោមដំបូលផ្ទះតែមួយក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ NYP