នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ នេះ មេទ័ពភូមិភាគ ២ ប៊ុនស៊ីន ផាតក្លាង បានចូលរួមការពិភាក្សាសំណេះសំណាលមួយនៅសកលវិទ្យាល័យធម្មសាស្រ្ត ហើយនិយាយរៀបរាប់យ៉ាងច្រើនពីដំណើរជីវិតដ៏កម្សត់របស់ខ្លួនទៅឱ្យក្រុមនិស្សិតបានស្តាប់។
ក្នុងនោះ មេទ័ពភូមិភាគ ២ ប៊ុនស៊ីន ផាតក្លាង បាននិយាយពីខ្សែជីវិតរបស់ខ្លួនតាំងពីតូចរហូតដល់ធំដឹងក្តី និងការចូលធ្វើជាទាហាន និងបញ្ជាក់ពីភាពស្មោះស្ម័គ្រចំពោះប្រជាជន ហើយក៏បានឆ្លៀតនិយាយទាក់ទងនឹងការចូលនិវត្តរបស់ខ្លួនផងដែរ។ មេទ័ពភូមិភាគ ២ រូបនេះ បានឱ្យដឹងថាខ្លួននឹងមិនចូលប្រឡូកក្នុងនយោបាយដាច់ខាត ក្រោយពីបញ្ចប់តំណែងជាមេទ័ពទៅ ពោលគឺនឹងធ្វើពលរដ្ឋល្អសម្រាប់សង្គម តែមិនពាក់ព័ន្ធនឹងនយោបាយនោះទេ។
មេទ័ពភូមិភាគ ២ រូបនេះបានឱ្យដឹងទៀតថា ខ្លួនកំពុងរកកន្លែងបដិបត្តិធម៌ និង ងាកទៅរកសាសនាវិញ តែមិនដឹងថានឹងទៅបានឬយ៉ាងណានោះទេ។ ដោយឡែក ប្រជាជនជាច្រើនហាក់ស្តាយស្រណោះចំពោះមេទ័ពរូបនេះខ្លាំងណាស់ ដោយម្នាក់ៗបានជូនពរ ហើយចោមរោមនាំគ្នាសុំថតដូចជាតារា៕