មង្គលការអភិជនមួយគូទៀតហើយ ដែលបានធ្វើឡើងយ៉ាងអធិកអធម កាលពីថ្ងៃទី ១៥-១៦ ខែ មីនា នេះ។ កម្មវិធីសិរីមង្គលនេះ ត្រូវបានគេដឹងថាកូនកំលោះនាម លីម សុធារ៉ា ជាកូនប្រុសរបស់ ឧកញ៉ា លីម ប៊ុណ្ណា ហៅឧកញ៉ាខ្នា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប (LBN Group) និង លោកស្រី ថុង ធីតា។ រីឯកូនក្រមុំនាម ឃួង ស៊ីណាម៉ាឡែន ជាកូនស្រី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួងស្រេង។
តាមរយៈកម្រងរូបភាពបង្ហោះដោយក្រុមថតរូប Fast Films & Photography ឃើញថាកម្មវិធីពិតជាមានការរៀបចំតុបតែងយ៉ាងប្រណីត ដែលបង្ហាញពីអភិជនភាព ស័ក្តិសមនឹងមុខមាត់ ក៏ដូចភ្ញៀវកិត្តិយចូលរួម។ ជាក់ស្តែង មានការអញ្ជើញវត្តមានដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។
តាមប្រភពសារព័ត៌មានក្នុងស្រុក កូនកំលោះនាម លីម សុធារ៉ា បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Nottingham Trent ប្រទេសអង់គ្លេស កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ ចំណែក កូនក្រមុំនាម ឃួង ស៊ីណាម៉ាឡែន ក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។ អ្នកទាំងពីរពិតជាគូស្នេហ៍ដ៏ស័ក្តិសម មកទាំងព្រម ទាំង មុខមាត់ វណ្ណ ក៏ដូចជាចំណេះដឹង៕