នៅរសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដល់អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ឱ្យបានជ្រាបថា នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ មានបណ្តាញសង្គម និង សារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា «កម្ពុជាបានចល័តទ័ព និង សព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន»។
ចំពោះករណីនេះ ក្រសួងការពារជាតិ សូមធ្វើការបដិសេធ និង គូសបញ្ជាក់នូវការពិតដូចខាងក្រោម៖
១. ការលើកឡើងរបស់បណ្តាញសង្គម និង សារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ
២. ចំពោះរូបភាពដែលបណ្តាញសង្គម និង សារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ៗ ដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេ
៣. កងកម្លាំងរបស់កម្ពុជា មិនបានធ្វើសកម្មភាពបង្កហេតុ ឬ ធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់បណ្តាញសង្គម និង សារព័ត៌មានថៃនោះឡើយ។
គួរឱ្យដឹងផងដែរថា កងកម្លាំងរបស់កម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និង ការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និង ខ្ជាប់ខ្ជួនបំផុត ដោយបន្ត សហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និង ស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់ សន្តិភាព និង ស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស៕