ថ្មីៗនេះ លោក Sorayuth Suthassanachinda ដែលជាពិធីករព័ត៌មានដ៏ល្បីប្រចាំប៉ុស្តិ៍លេខ ៣ រួមជាមួយនឹងពិធីការិនីជាដៃគូ បានត្រូវមហាជនរិះគន់មិនតិចឡើយ ក្រោយពីបាននិយាយព័ត៌មានត្រាប់តាមសំនៀងខ្មែរ ហើយនាំគ្នាសើចចំអកឡកឡាយតាមប៉ុស្តិ៍ទូរទស្សន៍។
តាមព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅក្នុងកម្មវិធីព័ត៌មាន Kamkon Khao នាយ Sorayuth បានបង្គាប់ឱ្យ Bright ដែលជាពិធីការិនីដៃគូរបស់ខ្លួន ធ្វើជានិយាយព័ត៌មានត្រាប់តាមសំនៀងភាសាខ្មែរ ហើយក៏បាននាំគ្នាសើចសប្បាយក្នុងន័យចំអកឡកឡាយគួរឱ្យហួសចិត្ត។ យ៉ាងណាមិញ មិនយូរប៉ុន្មានឡើយ ស្រាប់តែមានផ្ទុះការរិះគន់ពីសំណាក់មហាជន និងអ្នកជំនាញនយោបាយមួយចំនួនពីបណ្តាញសង្គម ថាទង្វើនេះគឺជាការមើលងាយជាតិសាសន៍ ដែលមិនគួរបង្ហាញនៅក្នុងកម្មវិធីព័ត៌មានលំដាប់ជាតិនោះទេ។
ដោយឡែក លុះមកដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ នៅក្នុងកម្មវិធីព័ត៌មានដដែល នាយ Sorayuth ក៏បានលើកដៃសំពះសុំទោសមហាជន ដោយសូមទទួលកំហុសតែម្នាក់ឯង ទទួលយកការរិះគន់ទាំងអស់ តែសូមកុំរិះគន់ពិធីការិនីជាដៃគូខ្លួនអី។ ចុងក្រោយ Sorayuth ក៏បានបញ្ជាឱ្យលុបឃ្លីបវីដេអូដែលកើតរឿងចេញផងដែរ៕
ប្រភព៖ Sanook