សិល្បៈស្ថាបត្យកម្មខ្មែរ រមែងតែផ្តល់ជាគំនិតដកស្រង់ដល់កូនខ្មែរគ្រប់ជំនាន់ ជាពិសេស អាចច្នៃប្រឌិតបុរាណលាយឡំទំនើប ឬ យើងហៅថាសហសម័យ។ តួយ៉ាង ដូចថ្មីៗនេះ កូនខ្មែរវ័យក្មេងមួយរូប បានដកស្រង់ស្ថាបត្យកម្មពីប្រាសាទបាយ័ន មករំលេចជាមួយកាបូបបែបទំនើប មើលមកស៊ីវិល័យប្រកបដោយសិល្បៈនិយម។

ត្រូវបានឱ្យឈ្មោះថា BAYON Future Bag កាបូបនេះត្រូវបានច្នៃ និង រចនាឡើង ដោយនិស្សិតមួយរូបឈ្មោះ សៃយ័ន្ដ រតនៈ កំពុងសិក្សាផ្នែកហ្វេហ្សិនឌីហ្សាញ នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ។

បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អ្នកច្នៃម៉ូដផ្ទាល់ យុវជន សៃយ័ន្ដ រតនៈ បានសរសេរលម្អិតអមដោយរូបភាពដូច្នេះថា៖ «BAYON Future Bag កាបូបនេះត្រូវបានរចនាដោយដកស្រង់ចេញពីប្រាសាទ “បាយ័ន” ដែលជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ប្រកបដោយក្បូរក្បាច់រចនាល្អវិសេស ទាក់ទងនឹងពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។ ប្រាសាទបាយ័ន ត្រូវបានសាងសង់ឡើងនៅចុងសតវត្សរ៍ទី ១២ ឬ ដើមសតវត្សរ៍ទី ១៣ កសាងដោយព្រះបាទជ័យវរ្ម័នទី ៧ ។ ប្រាសាទនេះកសាងសម្រាប់ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន មានទីតាំងស្ថិតនៅក្រុងអង្គរធំ។

ការរចនាឡើងបែបបុរាណសហសម័យ ទាក់ទងនឹងវប្បធម៌ អរិយធម៌ បូករួមជាមួយគំនិតច្នៃប្រឌិត ជាផ្នែកមួយក្នុងការលើកម្ពស់ និង ផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោកតាមបែបទំនើប ក្រោមពាក្យស្លោក «បុរាណមិនយឺត សម័យមិនបរទេស»។

ប៉ុន្មានថ្ងៃមុន អ្នកច្នៃម៉ូដ សៃយ័ន្ដ រតនៈ ក៏បានជូនកាបូបនេះទៅកាន់តារាចម្រៀងរ៉េបស្រីជួរមុខនៅកម្ពុជា ទេព បូព្រឹក្ស សម្រាប់ជាកាដូផងដែរ៕

