នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើសន្និសីទកាសែតមួយហៅថា «Make America Rich Again» នៅទីធ្លា Rose Garden ក្នុងសេតវិមាន White House ដោយរូបលោកបានកំណត់យកពន្ធនាំចូលយ៉ាងតិច ១០% លើសឹងគ្រប់ទំនិញទាំងអស់ដែលនាំចូលអាមេរិក ខណៈបើតាមតារាងដែលលោក ដូណាល់ ត្រាំ លើកបង្ហាញឃើញថា ប្រទេសកម្ពុជាយកពន្ធលើសគេទាំងអស់គឺ ៤៩% ដោយបន្ទាប់មកគឺប្រទេសឡាវចំនួន ៤៨% និង វៀតណាម ៤៦%។
ទាក់ទិនទៅនឹងរឿងនេះ នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ នេះ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឱ្យបានដឹងថា ៖ «ព្រឹកនេះ លោកត្រាំ ប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជា។ ប្រសិនបើមិនបានដោះស្រាយយ៉ាងហ្មត់ចត់ក្នុងសប្តាហ៍នេះទេ នោះនឹងបំផ្លាញសេដ្ឋកិច្ចកម្ពុជា និង បង្កើតឱ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ បាត់បង់ការងាររាប់សែននាក់ អស្ថិរភាពសង្គម និង លំហូរចេញមូលធនយ៉ាងឆាប់រហ័ស»។
លោកបានបន្តទៀតថា ៖ «កម្ពុជា នាំចូលទំនិញពីសហរដ្ឋអាមេរិកត្រឹមតែ 350 លានដុល្លារប៉ុណ្ណោះ វានឹងត្រូវចំណាយតិចតួចដល់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យទំនិញទាំងអស់របស់សហរដ្ឋអាមេរិកត្រូវបាននាំចូលដោយគ្មានពន្ធ និង ផ្តល់អាជ្ញាប័ណ្ណយ៉ាងឆាប់រហ័សដល់អាជីវកម្មរបស់សហរដ្ឋអាមេរិក ដូចជា Starlink ជាដើម។ រដ្ឋាភិបាលកម្ពុជាត្រូវធ្វើកាយវិការដ៏ក្លាហាន រហ័ស»៕
