មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ចែករំលែកបន្តគ្នាព្រោងព្រាត ដើម្បីជាសារទៅកាន់អ្នកម្ដាយដែលមានកូនតូចៗ បន្ទាប់ពីស្ត្រីម្នាក់បានចែករំលែកបទពិសោធកូនតូចរបស់ខ្លួន ដែលកំពុងមានជំងឺកកសសៃឈាម និង កំពុងទទួលការព្យាបាល។
ទាក់ទិនទៅនឹងរឿង ស្ត្រីជាម្ដាយរបស់ក្មេងតូច ដែលមានគណនីហ្វេសប៊ុកឈ្មោះ ម៉ានូ ញិចមុន បានបង្ហោះសារចែករំលែកនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះឱ្យបានដឹងថា ៖ «បងប្អូនក្នុងហ្វេសប៊ុក ឧស្សាហ៍ពិនិត្យមើលផង ខាងក្រោយក្បាលកូនយើងតូចៗបើឃើញបែបហ្នឹង មិនមែនដៅ ឬ ភ្នកទេ កុំច្រឡំណា ប្រញាប់នាំកូនទៅពិភាក្សាជាមួយគ្រូពេទ្យ ឬ យកមកពេទ្យហ្មងក៏បានដែរ»។
ស្ត្រីជាម្ដាយ បានបន្តថា ៖ «នេះរូបកូនខ្ញុំផ្ទាល់ឡើងក្រហមបែបនេះតាំងពីតូច តែខ្ញុំគិតថាជាដៅទើបមិនដែលចាប់អារម្មណ៍ទេ ដល់មកពេទ្យសួរពេទ្យទើបដឹងថាវាជាជំងឺ (កកសសៃឈាម) អាអូនត្រូវលេបថ្នាំព្យាបាលរយៈពេល ១/២ ឆ្នាំ ដើម្បីឱ្យជាវិញ ពេលឮពេទ្យប្រាប់ ខ្ញុំពិតជាឈឺចាប់ណាស់ ឧស្សាហ៍ពិនិត្យផងបងប្អូនកុំឱ្យដូចខ្ញុំ»៕