ពិតណាស់ ជុំវិញរឿងរ៉ាវរបស់អ្នកជំនួញអនឡាញល្បីឈ្មោះ អ្នកនាង Madam Da មហាជនអ្នកតាមដានលើបណ្ដាញសង្គមច្បាស់ជាបានជ្រាបខ្លះៗមកហើយនូវរឿងរ៉ាវពាក់ព័ន្ធនឹងហរិញ្ញវត្ថុ ការរកស៊ីរបស់អ្នកនាង រហូតធ្វើឱ្យមហាជនខ្លះបានប្រើពាក្យទៅកាន់នាងថា «មានប្រហោងក្នុង»។
យ៉ាងណាមិញ មកដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ នេះ គេបានឃើញប្អូនស្រីបង្កើតតែម្នាក់របស់ Madam Da គឺ អ្នកលក់អនឡាញល្បីដូចគ្នា អ្នកនាង Madam Chorda ក៏បានបង្ហោះសារបង្ហាញអារម្មណ៍ និង គាស់កកាយពីផលវិបាករបស់បងស្រី ដែលបានជួបប្រទះកន្លងមកពាក់ព័ន្ធនឹងបញ្ហាលុយកាក់រាប់សិបម៉ឺនដុល្លារ។
ក្រោយពីបានឃើញការបង្ហោះរបស់ប្អូនស្រីបង្កើត Madam Da រៀបរាប់ជុំវិញរឿងរ៉ាវខាងលើ ធ្វើឱ្យមហាជនផ្ទុះចាប់អារម្មណ៍ជាថ្មី ក៏ដូចជាអ្នកសិល្បៈដែលស្គាល់អ្នកជំនួញរូបនេះ បានចែករំលែកសារបន្តភ្ជាប់ជាមួយមតិរៀងៗខ្លួន។ ក្នុងនោះ ក៏បានឃើញហ្វេសប៊ុករបស់ ជំទាវ ចន ច័ន្ទលក្ខិណា ចែករំលែកពីការបង្ហោះរបស់ប្អូនស្រី Madam Da លើកនិយាយពីរឿងនេះដែរ ដ្បិតតែជំទាវធ្លាប់មានបញ្ហាខ្លះពីមុនជាមួយអ្នកជំនួញរូបនេះ តែជំទាវនៅតែយល់ចិត្តអាណិត Madam Da ព្រោះធ្លាប់ជួបរឿងវិបត្តិសេដ្ឋកិច្ចដោយសារការរកស៊ីដូចគ្នា។
សារនោះ ជំទាវ ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា ៖ «ទោះជាធ្លាប់មើលងាយវាយប្រហារខ្ញុំ ដោយគ្រាន់តែខ្ញុំចេញមុខការពារអ្នកសិល្បៈដែលជាសមាជិកខ្ញុំ កាលខ្ញុំនៅមានតួនាទីជាប្រធានសមាគមសិល្បៈ តែខ្ញុំមិនប្រកាន់ហើយ ស្ងាត់ស្ងៀមមិនតបត។ ឃើញបែបនេះ ខ្ញុំមានតែអាណិត និង យល់អារម្មណ៍នៃការបង់ខាត ព្រោះខ្ញុំក៏ធ្លាប់មានបញ្ហានេះ វិបត្តិសេដ្ឋកិច្ចឡើង និង ចុះ គឺគ្មានអ្នកមើលឃើញ មនុស្សឆ្លាត និង ពូកែប៉ុណ្ណាក៏នៅតែភ្លាត់ស្នៀត សំខាន់ការចេះដាក់ខ្លួន និង ហ៊ានទទួលស្គាល់ការពិត ហើយ ពង្រឹងស្មារតី និង ផ្លូវចិត្តឱ្យរឹងមាំ ពេលណាធ្ងន់ពេកយើងសម្រាក ហើយទំលាក់ចុះមួយភ្លែត បន្ធូរអារម្មណ៍រកអ្នកយល់ចិត្ត ដើម្បីប្រឹក្សាចែករំលែករកវិធីសាស្ត្រក្នុងការទប់ស្ថានភាព និង កែប្រែដើម្បីស្តារស្ថានការណ៍ ផ្លូវចិត្តចុះខ្សោយតែមិនទម្លាក់មុខមាត់ កម្លាំងនឹងបាត់បង់»៕