កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ មានការរាយការណ៍ពីករណីអគ្គិភ័យនៅខុនដូកម្ពស់ ៣៨ ជាន់មួយកន្លែងនៅប្រទេសថៃ ដែលបណ្តាលឱ្យមនុស្សនាំគ្នាផ្អើលរត់គេចយកបប្រាសអាយ៉ូស។
តាមព័ត៌មានបានឱ្យដឹងថា ខុនដូមួយនេះមានកម្ពស់ ៣៨ ជាន់ ស្ថិតនៅទល់មុនផ្សារទំនើបផាតាពីនក្លៅ នាទីក្រុងបាងកក។ ក្នុងនោះ អគ្គិភ័យបានចាប់ផ្តើមឆាបឆេះពីជាន់ទី ១៦ ទៅ នៅម៉ោងប្រហែល ១ និង ៥៥ នាទីថ្ងៃត្រង់ ដោយមានផ្សែងខ្មៅខ្មួលខ្មាញ់ លាយឡំជាមួយនឹងអណ្តាតភ្លើងគួរឱ្យខ្លាច បង្កឱ្យមានការចលាចលដល់អ្នករស់នៅក្នុងខុនដូទាំងប៉ុន្មាន ឱ្យនាំគ្នារត់ប្រាសអាយ៉ូស។
យ៉ាងណាមិញ អាជ្ញាធរនៅក្នុងតំបន់ បានចុះមកអន្តរាគមន៍ជួយជម្លៀសអ្នករស់នៅក្នុងខុនដូ ព្រមទាំងពន្លត់ភ្លើងបានសម្រេច ហើយក៏បានជួយអ្នកដែលកំពុងតែជាប់នៅលើដំបូលជាន់លើបង្អស់ និងអ្នកដែលជាប់ក្នុងជណ្តើរអាសន្នចំនួន ១២ នាក់ឱ្យមកកាន់ទីសុវត្ថិភាពវិញផងដែរ៕
ប្រភព៖ Kapook