ថ្មីៗនេះ នៅប្រទេសថៃមានករណីស្រ្តីម្នាក់ ដែលកុម្មង់ទិញក្រដាសសើមតាមអនឡាញ តែដល់គេយកមកដល់ បើកមើលទៅស្រាប់តែឃើញថាជាគ្រឿងញៀនវិញ។

ករណីមួយនេះ បានកើតឡើងនៅខេត្តឈុមផន ប្រទេសថៃ ដោយស្រ្តីខាងលើបានរៀបរាប់ឱ្យដឹងថា នាងបានកុម្មង់ទិញក្រដាសសើម ១០ កញ្ចប់ពីផេកល្បីមួយ ក្នុងតម្លៃ ១៦៩ បាត។ លុះគេដឹកមកឱ្យដល់ផ្ទះ នាងក៏បានបើកមើល តែក៏សង្ស័យព្រោះតែវាធ្ងន់ខ្លាំង នាងបើកទៅក៏មិនឃើញក្រដាសសើម តែបែរជាឃើញបាសចំនួន ២ ហើយបាសនោះមើលទៅក៏ប្លែកៗទៀត ទើបនាងភ័យថាអាចជារបស់ខុសច្បាប់ រួចក៏បានហៅមេភូមិមកជួយមើល។

មេភូមិក៏បានឱ្យដំណឹងបន្តទៅកាន់ខាងអាជ្ញាធរ ដែលខាងអាជ្ញាធរក៏បានចុះមកត្រួតពិនិត្យមើល ក៏ឃើញថាក្នុងបាសមួយមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤០ ០០០ គ្រាប់ រីឯក្នុងបាសមួយទៀតមានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ២ គីឡូ។ ខាងអាជ្ញាធរបានយកគ្រឿងទាំងនេះទៅរក្សាទុក ហើយក៏បានស៊ើបសួររកឈ្មោះអ្នកដឹក ព្រមទាំងអ្នកពាក់ព័ន្ធទាំងឡាយ ដើម្បីតាមស្វែងរកមេខ្លោងដែលជាអ្នកចែកចាយផងដែរ៕


ប្រភព៖ Khaosod