នាពេលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបង្កើតព្រឹត្តិការណ៍ ដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ ម៉ែត្រ លៀសចំនួន ៣ តោន នៅខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ ក្រុងកំពង់ចាម អនុញ្ញាតឱ្យបងប្អូនពូមីងបរិភោគដោយសេរី នៅថ្ងៃទី ១៥ ខែមេសា ដែលជាថ្ងៃទី ២ នៃសង្ក្រាន្តកំពង់ចាម ចាប់ផ្ដើមពីម៉ោង១៤:៣០ នាទីរសៀលតទៅ។
ក្នុងនោះផងដែរ តាមរយៈឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ពីអត្ថន័យលេខ ១,០០០ នៃលៀសហាល ១.០០០ម៉ែត្រ ដូចខាងក្រោម៖
+ អត្ថន័យ នៅក្នុងអក្សរសាស្រ្ត៖
១. លេខ ១,០០០ ជាភាសាបាលី និង សំស្រ្កឹត មានន័យថា ‘’សហស្ស’’។
២. សហស្សគុណ = មានគុណភាពច្រើន។
ឧទាហរណ៍: ថ្នាំសហស្សគុណ= ថ្នាំតែមួយមុខ តែអាចព្យាបាលរោគ បានច្រើនមុខ។
៣. សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ។
+ អត្ថន័យ នៅក្នុងវប្បធម៌ ប្រពៃណី និង ជីវភាពប្រចាំថ្ងៃ ៖
១. គាថាពាន់ (គាថាបាលីសុទ្ធ ចំនួន ១,០០០ គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣ កណ្ឌ។
២. លៀសហាល ជាអាហារមួយប្រភេទ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឱ្យឆ្អិនអាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១,០០០ ដែរ។
+ អត្ថន័យ នៅក្នុងការដឹកនាំ ៖
១. មានការចូលរួមយ៉ាងច្រើនលើសលប់។
២. សាមគ្គីភាព និង ឯកភាពគ្នា ខណៈការដាក់បង្ហាញលៀសហាល ទំរង់ជាចំណងខ្សែជាប់គ្នា ចេញពីចុងខ្សែ ២ ចងភ្ជាប់ជាចំណងតែមួយ។ ដែលខ្សែទី ១ ជាចំណងឯកភាព និង ខ្សែទី ២ ជាចំណងសាមគ្គីភាព នាំមកនូវភាពសម្បូរសប្បាយ រីកចម្រើន រុងរឿងរាប់ពាន់ឆ្នាំ៕