កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅនេះ មានព័ត៌មានបានទម្លាយឱ្យដឹងថា Nawat Itsaragrisil បានដាក់ពាក្យបណ្តឹងទៅកាន់ បវរកញ្ញាម្ចាស់ម្កុដ Miss Universe 2025 ព្រោះតែរឿងទាស់ទែងគ្នាកាលអំឡុងពេលប្រកួត។

ក្នុងនោះផេក Miss Universe Thailand បានឱ្យដឹងថា ក្រុមហ៊ុន Miss Grand International Public Company Limited និង Nawat Itsaragrisil ជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបវរកញ្ញាចក្រវាលលើកទី ៧៤ បានដាក់ពាក្យបណ្តឹងប្តឹងទៅបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ នាង Fatima Bosch Fernandez មកពីប្រទេសម៉ិកស៊ិក ទាក់ទងនឹងរឿងចម្រូងចម្រាស់គ្នាកាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ទៅ។ ក្នុងនោះ តា Nawat មិនបានហៅ Fatima Bosch ថាជា (Dumbhead) មនុស្សល្ងង់នោះ គឺលោកបាននិយាយពាក្យ Damage តែបានស្តាប់ច្រឡំខ្លួនឯង និងបានដើរបង្កាច់បង្ខូច ជាសាធារណៈនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយជាច្រើន។

ខាងផេកបន្តទៀតថា លុះ Fatima ដឹងការពិតហើយ នាងក៏មិនបានសុំទោស Nawat ទៀត ប៉ុន្តែបានបន្តបង្កាច់បង្ខូចលោកនៅក្នុងបទសម្ភាសន៍ផ្សេងៗ ដើម្បីទទួលបានអត្ថប្រយោជន៍ឱ្យមហាជនអាណិតស្រឡាញ់ រហូតដល់ឈ្នះម្កុដបវរកញ្ញាចក្រវាល ហើយពេលនាងឈ្នះមកុដហើយ នាងក៏នៅតែនិយាយបែបនេះដដែល។ យ៉ាងណាមិញ Nawat បានដាក់ពាក្យបណ្តឹងរួចរាល់តាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ហើយបើសិន នៅតែប្រព្រឹត្តរឿងនេះដដែលទៀត នោះចោទប្រកាន់នាងទៅតាមផ្លូវច្បាប់យ៉ាងពេញទំហឹង៕


ប្រភព៖ CH3PLUS