កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកស្នេហាវិស័យរបាំបុរាណច្បាស់ជាបានជ្រាបមកហើយនូវដំណឹងសុខភាពរបស់នាដការបាំ កញ្ញា សាលី ស្រីមាស ដែលមានជំងឺខូចក្រលៀន ដោយត្រូវការចំណាយថវិកាជាច្រើនសម្រាប់ព្យាបាលបញ្ជូលឈាម និង លាងឈាមរៀងរាល់អាទិត្យ។
ក្នុងនោះដែរ អ្នកសិល្បៈ និង មិត្តភក្តិជាច្រើនបានបន្តចែករំលែកព័ត៌មាន និង ទទូចស្នើសុំសប្បុរសជនមេត្តាចូលរួមបរិចា្ចគថវិកា ដើម្បីសម្រួលដល់ការព្យាបាលនាដការបាំ សាលី ស្រីមាស ខណៈក្រុមគ្រួសារអស់លទ្ធភាពក្នុងការព្យាបាល និង ជួយដល់ជីវិតធនធានមនុស្សក្នុងវិស័យរបាំបុរាណដូចជានាងផង។
យ៉ាងណាមិញ ក្រោយការអំពាវនាវខាងលើក៏មានមហាជន មានទឹកចិត្តសប្បុរសធម៌បានចូលរួមបរិច្ចាគថវិកាទៅតាមទឹកចិត្តរៀងៗខ្លួនជូនដល់ សាលី ស្រីមាស ជាបន្តបន្ទាប់ផងដែរ។ លើសពីនោះ អ្វីដែលកាន់តែរំភើបចិត្តអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង លោកជំទាវ បានប្រកាសទទួលរ៉ាប់រងថ្លៃព្យាបាលទាំងស្រុងដល់ សាលី ស្រីមាស។
ជាក់ស្តែងកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង លោកជំទាវ បានជួបសំណេះសំណាល សួរសុខទុក្ខកញ្ញា សាលី ស្រីមាស ចង់ចូលរួមចំណែករំលែកបន្ទុក និង បានប្រកាសឧបត្ថម្ភរ៉ាប់រងការចំណាយព្យាបាលជំងឺរបស់ សាលី ស្រីមាស ដើម្បីជាកម្លាំងចិត្ត និង ជួយបំពេញក្តីស្រមៃរបស់នាងក្នុងការបន្តបម្រើវិស័យសិល្បៈបុរាណខ្មែរតទៅទៀត៕