កាលពីយប់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកគាំទ្រលោក ហេង នរៈកក្ដដា បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ខណៈលោកបានបង្ហោះសារចែកផ្លូវគ្នានឹងគូដណ្តឹង ចំថ្ងៃខួបកំណើត។
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ៨ ខែហើយ ដែលលោក ហេង នរៈកក្កដា បានដឹកដៃគូដណ្តឹងភ្ជាប់ពាក្យ ដោយនាង គឺជាអ្នកក្រៅសិល្បៈម្នាក់ តែគួរឱ្យសោកស្តាយលោកបានប្រកាសចែកផ្លូវគ្នា ដោយបញ្ជាក់ថា ការរស់នៅមិនចុះសម្រុង។ លើសពីនោះ នៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោក ហេង នរៈកក្កដា បានបង្ហោះសាររៀបរាប់ពីបទពិសោធគូជីវិត ចំនួន ៧ ចំណុច។
ដោយឡែក ងាកមកកាន់កញ្ញា លីលី សា អតីតគូដណ្តឹងរបស់លោក ហេង នរៈកក្កដា ឯណោះវិញ ក៏មិននៅស្ងៀមដែរ ក៏បានបង្ហោះសារ ហាក់ឆ្លើយតបទៅលោកវិញពាក់ព័ន្ធការជ្រើសរើសគូជីវិត។
កញ្ញា លីលី សា បានរៀបរាប់ថា ៖ «ពាក្យផ្តាំផ្ញើទៅដល់បងប្អូន ដែលចង់រើសជីវិតគូរ! ១. កុំរើសយកបុរសប្រើហិង្សា ជេរដៀលប្រមាទប្រពន្ធខ្លួន វាយដូចសត្វធាតុ, ២.កុំយកប្រុសណា ដែលគ្មានគោលដៅច្បាស់លាស់, ៣. កុំយកប្រុសណា ដែលធ្វើខុសហើយ មិនចេះកែប្រែ, ៤. យកប្រុសក្រក៏ក្រចុះ ប៉ុន្តែឱ្យតែមានគំនិតរកស៊ី កុំបំផ្លាញយើង ឬអូសទាញយើងទៅផ្លូវចុះនរក, ៥. ត្រូវយកបុរសពិតមិនក្លែងក្លាយ»។ យ៉ាងណាមិញ សារផ្ដាំផ្ញើ ៥ ចំណុចរបស់អតីតគូដណ្ដឹងលោក ហេង នរៈកក្កដា រូបនេះ បានបង្ហោះមិនយូរប៉ុន្មាន ក៏បានលុបចេញវិញ ដោយទុកត្រឹមសារមួយដែលបង្ហាញពីស្ថានភាពបច្ចុប្បន្នរបស់នាងប៉ុណ្ណោះ៕