ក្រោយពីបានបញ្ចប់ងារជាសង្សារ និង រៀបការក្លាយទៅជាប្តីប្រពន្ធស្របច្បាប់ហើយនោះ តារាចម្រៀងប្រុសលោក គូម៉ា និង តារាសម្តែងស្រី អ្នកនាង ម៉ៅ គឹមធីតា បានទទួលចំណងដៃទាយាទដំបូង និង បានឃើញមុខកូនប្រុសហើយ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។ ក្នុងនោះដែរ ប៉ាម៉ាក់ថ្មីថ្មោងខាងលើនេះ បានដាក់ឈ្មោះកូនយ៉ាងពីរោះប្លែក ថា ប៊ូឡា គូម៉ាបាហ៊ូ។
យ៉ាងណាមិញ ក្រោយពីកូនប្រុសបណ្តូលចិត្តបានសម្រាលឃើញពន្លឺព្រះអាទិត្យបានប្រមាណ ១០ ថ្ងៃ កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ លោក គូម៉ា បានបង្ហោះសារមួយសួរទៅអ្នកគាំទ្រថា នៅបន្តគាំទ្រលោកទេ ខណៈលោកមានភរិយា មានកូនហើយ ព្រោះលោកធ្លាប់ឮគេថា អ្នកសិល្បៈភាគច្រើនបន្ទាប់ពីរៀបការរួចនឹងបាត់បង់ប្រជាប្រិយភាព។
លោក គូម៉ា បានរៀបរាប់ថា៖ «សំណួរមួយនេះ សុំសួរជាពិសេសទៅកាន់ហ្វេនៗ និង អ្នកគាំទ្ររូបខ្ញុំរហូតមក តើអ្នកនៅតែបន្តស្រលាញ់ គាំទ្រខ្ញុំបន្តទៀតទេ ក្នុងអាជីពសិល្បៈរបស់ខ្ញុំ នៅពេលដែលខ្ញុំមានប្រពន្ធមានកូន? ព្រោះគេតែងតែនិយាយថា នៅពេលដែលអ្នកសិល្បៈមានគ្រួសារមានកូននោះនឹងធ្លាក់ប្រជាប្រិយភាព តើពិតមែន ឬទេហ្វេនៗ? តែសម្រាប់ខ្ញុំ គឺចង់បង្ហាញប្រាប់អ្នកគាំទ្រខ្ញុំថា នេះគឺជាគ្រួសាររបស់ខ្ញុំ ហើយអរគុណខ្លាំងបំផុត សម្រាប់អ្នកគាំទ្រខ្ញុំ ដែលគាំទ្រខ្ញុំរហូតមកដល់ខ្ញុំមានថ្ងៃនេះ»៕